(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បន្តដាក់ចេញនូវវិធានការដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការជួបជុំ និងការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងរាជធានីភ្នំពេញ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
តាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖
* គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវបន្តធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
* អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
* រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
* អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ
* ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
* រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១៥ (ដប់ប្រាំ) នាក់ លើកលែងតែក្នុងករណី ដូចខាងក្រោម៖
* ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា
* ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយក សំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
* ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្ត វិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩
* ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
* ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការ បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
* ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី
* ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬ ក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖