(ភ្នំពេញ)៖ សារព័ត៌មាន The Guardian បានផ្ញើលិខិតមកលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយសម្តែងសោកស្តាយចំពោះកំហុសរបស់ខ្លួន និងបង្កឱ្យមានការបារម្ភដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្សាយខុសការពិតថា សម្តេចតេជោ ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានបញ្ជាក់អំពីការកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញផងដែរ។ នេះបើយោងតាមលិខិតការិយាល័យកម្មវិធីមិត្តអ្នកអានសារព័ត៌មាន The Guardian ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
ខាងក្រោមនេះជាសារលិខិតទាំងស្រុងរបស់សារព័ត៌មាន the Guardian៖
ជូនចំពោះ ឯកឧត្តម រដ្ឋលេខាធិការ
ខ្ញុំសរសេរសារអេឡិចត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣.១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួចហើយដោយលោកស្រី និពន្ធនាយក ខេតធឺរីន វីននឺរ (Katherine Viner) និងបានបញ្ជូនមកខ្ញុំ ដែលមានតួនាទីជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman)។
ខ្ញុំអាចធានាចំពោះ ឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញនិងជម្រាបមកខ្ញុំ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian)កាលពីម្សិលម៉ិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្តម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចមានក្នុងតំណភ្ជាប់នៅទីនេះ។
អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។
ស្មេរអត្ថបទមានការសោកស្តាយដោយបង្កឱ្យមានការបារម្ភដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត។
សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស័គ្រ្មពីខ្ញុំ។
អេលីសាបែត រីបប៊ែន (Elisabeth Ribbans)
កម្មវិធីមិត្តអ្នកអាន