(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញក្រោយវិសោធនកម្ម នឹងនៅតែរក្សាទ្វារចំហរសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិ២ ឬច្រើន ក្នុងការចូលមកបម្រើជាតិ លើកលែងតែតំណាងកំពូលទាំង៤ ជាពិសេសតំណែងនាយករដ្ឋមន្រ្តី ដែលគេចង់បានជាង២០ឆ្នាំមកហើយ នៅតែមិនអាចទទួលបាន។
ការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈការបញ្ចេញមតិ (Comment) មួយ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ម្សិលមិញ នៅលើហ្វេសបុករបស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសម្នាក់ ឈ្មោះ ចិត្រា អង្គុល្លីមារ កែវ ដែលលើកឡើងអំពីព្រះរាជសាររបស់ព្រះមហាក្សត្រ ឯកភាពឱ្យក្រុមរដ្ឋធម្មនុញ្ញចាត់ចែងសេចក្តីព្រាងច្បាប់នេះតាមនីតិរដ្ឋ។ លោក ចិត្រា ដែលជាអ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមអំពីរឿងនយោបាយ ហើយចាប់ផ្តើមល្បីល្បាញមួយរយៈចុងក្រោយនេះ បានចាត់ទុកថា ព្រះរាជសារព្រះមហាក្សត្រ ធ្វើឱ្យក្តីសង្ឃឹមរបស់មេបក្សប្រឆាំង ថាព្រះមហាក្សត្រមិនទទួលស្គាល់នៅវិសោធនកម្មច្បាប់នេះត្រូវចប់។
នៅក្នុងខ្លឹមសារ Comment នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «តាមល្បឿនដំណើរការនេះប្រើពេលមិនយូរទេ ព្រោះសេចក្តីថ្លែងហេតុ និងលិខិតរបស់នាយករដ្ឋមន្ត្រី បានទៅដល់សភារួចហើយ។ «នេះជាផលប្រយោជន៍យូរអង្វែងរបស់ជាតិ ប្រសិនគេស្រឡាញ់ជាតិពិតប្រាកដ គេមិនខ្លាចលះបង់សញ្ជាតិបរទេសមកបម្រើជាតិខ្មែរនៅក្នុងឋានៈជានាយករដ្ឋមន្ត្រី ជាប្រធានរដ្ឋសភាជាប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាធម្មនុញទេ»។
សម្តេចបានបន្តថា «រដ្ឋធម្មនុញក្រោយធ្វើវិសោធនកម្ម បានរក្សាទ្វារចំហរសម្រាប់បងប្អូនដែលមានសញ្ជាតិ២ ឬច្រើន មកធ្វើការងារក្រៅពីតំណែងទាំង៤ខាងលើ ដូចនេះបងប្អូនដែលមានសញ្ជាតិច្រើន គ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែងតែបុគ្គលដែលប្រាថ្នាកាន់តំណែងកំពូលទាំង៤ ពិសេសតំណែងជានាយករដ្ឋមន្ត្រី ដែលគេចង់បានជាង២០ឆ្នាំមកហើយ តែគេមិនអាចទទួលបានដោយសារក្បាច់ទាត់គេបាក់ជើងខ្លួនឯងនាពេលកន្លងមក ពិសេសប្រើក្បាច់ពិសេស ចុងក្រោយនេះគឺក្បាច់ Good bye prime minister !»។
សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុង ក្នុងប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ហើយបានបញ្ជូនបន្តទៅកាន់រដ្ឋសភាតាមនីតិវិធី។
ក្នុងការកែប្រែលើកនេះ ច្បាប់កំពូលរបស់ជាតិ ត្រូវបានរៀបចំធ្វើវិសោធនកម្ម ត្រង់ចំណុច មាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែម។
បណ្តាក្រសួង ស្ថាប័ន សមាគម គណបក្សនយោបាយជាច្រើន បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំវិសោធនកម្មកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់ អ្នកកាន់តំណែងកំពូលទាំង៤នេះ ដោយពួកគេយល់ថា ដើម្បីភាពស្មោះត្រង់ និងឧត្តមប្រយោជន៍សម្រាប់ជាតិខ្មែរ៕