(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ជំហររបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ចំពោះតំណាងអង្គទូតនៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។
ការបញ្ជាក់ជំហរបែបនេះ របស់រដ្ឋមន្ត្រីបបរិស្ថានកម្ពុជា បានធ្វើឡើងនៅក្នុងជុំជួបប្រជុំពិភាក្សាជាមួយស្ថានទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជាដឹកនាំដោយ លោកស្រី Carmen Morano ឯកអគ្គរដ្ឋទូត និងមានការចូលរួមពីលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លោកស្រី Camilla Ottosson ភារធារីនៃស្ថានទូតស៊ុយអ៊ែត និងលោក Fabrice Etienne ភារធារីនៃស្ថានទូតបារាំង។
កិច្ចប្រជុំពិភាក្សានេះ ផ្តោតទៅលើទស្សនៈវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សន្និសិទសហប្រជាជាតិលើកទី២៦ (COP26) ស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងក្លាសហ្គូចក្រភពអង់គ្លេស។
លោកស្រី Carmen Morano បានថ្លែងកោតសសើដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ជូនលេខាធិការដ្ឋាន UNFCCC នូវបច្ចុប្បន្នភាពផែនការស្តីពីការចូលរួម ចំណែក របស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា (Nationally Determined Constribution: NDC) នៅខែធ្នូ ឆ្នាំ២០២០។
លោកស្រីបានបន្តថា សហគមន៍អឺរ៉ុប យកចិត្តទុកដាក់ និងគាំទ្រដល់ប្រទេស កំពុងក្នុងការរៀបចំផែនការរយៈពេលវែង ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងការរក្សាសីតុណ្ហភាពសកលនៅត្រឹម ២អង្សាសេ ។ ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាក់អំពីប្រធានបទសំខាន់ ដែលត្រូវពិភាក្សា និងសម្រេចនៅក្នុង (COP26) ដែលរួមមាន ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ហិរញ្ញប្បទានអាកាសធាតុ និងទីផ្សារកាបូនប្រកបដោយតម្លាភាព។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា «កម្ពុជាមានផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ កម្ពុជាយកចិត្តទុកដាក់ខ្ពស់ទៅលើការផលិតថាមពលពីប្រភពដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ការសិក្សាមួយចំនួនគួរត្រូវបានលើកទឹកចិត្តដូចជា៖ ការសិក្សាអំពីការផលិតអគ្គីសនីដោយប្រើប្រាស់ឧស្ម័នអ៉ីដ្រូសែន»។
រដ្ឋមន្រ្តីបានបន្តថា «ការអភិរក្សព្រៃ គឺជាជំរើសមួយដ៏ប្រសើក្នុងការបង្កើតឥណទានកាបូន និងអាចបង្កើនជីវភាពសហគមន៏តាមរយៈចំណូលពីទានកាបូន។ វិស័យឯកជនមានការយល់ដឹងច្រើនអំពីបញ្ហាបរិស្ថាន ដោយចាប់ផ្តើមវិនិយោគលើការផលិតអគ្គីសនីពីជីវម៉ាស និងបង្កើតឥណទានកាបូន»។
ជាងនេះទៅទៀត លោក សាយ សំអាល់ បានបន្ថែមថា កម្ពុជាមានផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានរៀបចំឡើង ព្រមទាំងតម្រូវការថវិកាក្នុងការអនុវត្តសកម្មភាពបន្ស៊ាំ។ កម្ពុជាគាំទ្រការផ្តល់ហិញ្ញប្បទានអាកាសធាតុ ហើយការផ្តល់ ហិញ្ញប្បទានគួរផ្តោតទៅលើការបង្កើនជីវភាពប្រជាជននៅតាមសហគមន៍ ថ្នាក់ក្រោមជាតិ៕