(ភ្នំពេញ)៖ ដើម្បីចូលរួមពង្រឹង និងពង្រីកវិស័យយុត្តិធម៌ នៅក្នុងឆ្នាំ២០២១នេះ គណៈមេធាវីកម្ពុជា បានចាត់តាំងមេធាវីការពារក្តីឲ្យជនជាប់ចោទ ដែលជាជនក្រីក្របានចំនួនជាង ៤ពាន់ករណី។ នេះបើយោងតាម លោក លី ច័ន្ទតុលា ថ្លែងក្នុងមហាសន្និបាតប្រចាំឆ្នាំ លើកទី២៦ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

លោក លី ច័ន្ទតុលា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងឆ្នាំ២០២១នេះ គណៈមេធាវីបានចាត់តាំងមេធាវីការពារក្តីឲ្យជនជាប់ចោទចំនួន ៤០៣៨ករណី ក្នុងនោះមានកូនក្តីសរុប ៦៦៩២នាក់ មានស្ត្រីចំនួន ៤៦៧នាក់ និងរឿងក្តីអនីតិជនមានចំនួន ១០៨៩ករណី ដោយមានអនីតិជនចំនួន ១៥៤៨នាក់ ប្រុសចំនួន ១៤៨៤នាក់ និងស្រីចំនួន ៦៤នាក់ និងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនជនក្រីក្រទូទៅដោយមិនគិតថ្លៃ បានចំនួន ១១០ករណី»

បើតាមលោក លី ច័ន្ទតុលា, មានគម្រោងចំនួន៣ ដើម្បីលើកស្ទួយសិទ្ធិមានមេធាវី និងយុត្តិធម៌នៅក្នុងសង្គម ដែលគណៈមេធាវីបានរៀបចំឲ្យមានជំនួយផ្នែកច្បាប់ ដល់ជនក្រីក្រដោយមិនគិតថ្លៃតាមរយៈ៖

១៖ គម្រោងដែលប្រើប្រាស់ថវិកាចំនួន ២០០០លានរៀល ដែលបានទទួលពីរាជរដ្ឋាភិបាលសម្រាប់ការពារក្តីឲ្យជនជាប់ចោទ និងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនជនក្រីក្រទូទៅដោយមិនគិតថ្លៃ។ ក្នុងឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលបានបង្កើនថវិកាសម្រាប់គម្រោងនេះ រហូតដល់ចំនួន ២៦០០លានរៀល។

២៖ គម្រោងដែលប្រើប្រាស់ថវិកាចំនួន ៣០០លានរៀន របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្រាប់ផ្តល់មេធាវី និងការពិគ្រោះយោបល់ដល់ស្ត្រី និងកុមារក្រីក្រ ដែលរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរផ្លូវភេទ និងអំពើរំលោភបំពានផ្សេងទៀត ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ស្ត្រី និងកុមារ។

៣៖ គម្រោងផ្តល់មេធាវីការពារក្តី និងការពិគ្រោះយោបល់ដោយមិនគិតថ្លៃ តាមរយៈគោលនយោបាយ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការពិគ្រោះយោបល់ និងការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ ដែលយន្តការនេះ មានមេធាវីស្ម័គ្រចិត្ត ចំនួន ២១៤រូប សម្រាប់បំពេញបន្ថែម និងពង្រីកការផ្តល់មេធាវីការពារក្តី ជូនជនក្រីក្រ និងការពិគ្រោះយោបល់ផ្នែកច្បាប់ ដល់សាធារណជនទូទៅ ជនក្រីក្រ និងកម្មករ កម្មការិនី នៅតាមការិយាល័យ វិជ្ជាជីវៈមេធាវីនីមួយៗ ទូទាំងប្រទេស៕