(កំពង់ស្ពឺ)៖ សាលាដំបូងខេត្ដកំពង់ស្ពឺ បានចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ស្ត្រីជួញដូរគ្រឿងញឿន២នាក់ ក្រោយសមត្ថកិច្ចបង្ក្រាប និងរឹបអូសបានថ្នាំញៀនជិតកន្លះគីឡូក្រាម។

ស្ត្រីជួញដូរគ្រឿងញៀនទាំង២នាក់នេះ មានឈ្មោះ គង់ សំណាង អាយុ៤២ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សុខ ម៉ានិត អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ។

សូមជម្រាបថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) បានសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ លោកស្រី ចាត សូរស្មី បង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនទាំង២នាក់ នៅផ្ទះរបស់ពួកគេ ក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាពាក់កណ្តាលយប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចរឹបអូសបានថ្នាំញៀនចំនួន ៤៤៧.៥៥ក្រាម និងសម្ភារវេចខ្ចប់មួយចំនួនទៀត។

អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយករងមន្ទីរប្រឆាំងគ្រឿងញៀនដ៏សកម្មម្នាក់ បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយឃាត់ខ្លួនបាន មេក្លោងជួញដូរគ្រឿងញៀនធំៗជាច្រើនករណី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ និងបណ្តាខេត្តមួយចំនួនទៀត៕