(ភ្នំពេញ)៖ នៅឆ្នាំ២០២២ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍នូវទឹកប្រាក់ចំនួនកម្រិត ១៦០០លានSDR (ជាខ្នាតកណ្ដាលមួយ សម្រាប់វាយតម្លៃនៃលុយ) ដែលស្មើនឹងប្រមាណជាង ២២០០លានដុល្លារអាមេរិក។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូង ចំនួន៣០០លានដុល្លារផងដែរ។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលបណ្តាញព័ត៌មានFresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។
ការបោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីដៃគូអភិវឌ្ឍន៍នេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់យ៉ាងច្បាស់ថា មិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌក ដល់កម្ពុជាទេ ដោយស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថា មាន «ចីរភាព» និង «ហានិភ័យកម្រិតទាប»។
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលគណៈរដ្ឋមន្រ្តីបានអនុម័ត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងចំនួន៣០០លានដុល្លារ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច រួមមានគម្រោងស្តារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី និងគម្រោងប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម ។
នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត១ ៦០០លាន SDR (ប្រមាណជាង២២០០លានដុល្លារ) គឺកើនឡើង១០០លានSDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។ ការបង្កើនចំនួនកម្ចីនេះ ដោយផ្អែកទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួនដូចជា ទំហំនៃតម្រូវការវិនិយោគសាធារណៈ មានការកើនឡើងជាគំហុក ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងបរិការណ៍នៃផលប៉ះពាល់ ពីការរីករាលដាលជំងឺកូវីដ-១៩, គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ក្នុងឆ្នាំ ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព, ឥណទានមានកម្រិតសម្បទានខ្ពស់ និងការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង ស្របពេលដែលស្ថានភាព បំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប»។
រដ្ឋាភិបាលបានគូសបញ្ជាក់ថា «ការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង និងការខ្ចីក្នុងទំហំខាងលើនេះនឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន "ចីរភាព" និង "ហានិភ័យកម្រិតទាប" ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់»។
សេចក្តីព្រាងច្បាប់នេះបញ្ជាក់ថា ការកំណត់ពិតានក្នុងការខ្ចីថ្មីសម្រាប់ឆ្នាំ២០២២ ក្នុងកម្រិត១៦00 លាន SDR នេះ គឺដើម្បីឱ្យរាជរដ្ឋាភិបាល អាចចុះហត្ថលេខាខ្ចីប្រាក់ពីគេសម្រាប់ហិរញ្ញប្បទានកម្មវិធី និងគម្រោងវិនិយោគសាធារណៈចំនួន៣៥ ដែលរួមមាន៖ សាធារណរដ្ឋប្រជាមានិតចិនចំនួន ៦គម្រោង, ព្រះរាជាណាចក្រថៃចំនួន១គម្រោង,ប្រទេសជប៉ុនចំនួន ៣គម្រោង, សាធារណរដ្ឋកូរ៉េចំនួន ៥គម្រោង, សាធារណរដ្ឋបារំាងចំនួន ៥គម្រោង,ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ចំនួន ១គម្រោង, ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ៩គម្រោង, ធនាគារពិភពលោកចំនួន ៣គម្រោង, ធនាគារវិនិយោគអឺរ៉ុបចំនួន ១គម្រោង, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចំនួន ១គម្រោង ។
គម្រោងទាំង៣៥នេះ បានបែងចែកតាមវិស័យដូចជា វិស័យថាមពលចំនួន៩គម្រោង, វិស័យធារាសាស្រ្តចំនួន៥គម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចំនួន ៧ គម្រោង ,វិស័យសុខាភិបាលចំនួន ៣ គម្រោង,វិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២គម្រោង, វិស័យកសិកម្មចំនួន៣គម្រោង និងវិស័យអាទិភាពផ្សេងទៀតចំនួន៦គម្រោងទៀត ។
ទន្ទឹមគ្នានេះ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះចំនួន៥ដូចខាងក្រោម៖
១៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត
៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈក្រៅប្រទេស សរុបចំនួនជាង៩ពាន់លានដុល្លារ ក្នុងនោះកម្ចីពីពហុភាគីចំនួន៣០.១៣%, ចិន ៤៣.៧៨%, ជប៉ុន ៨.៩១% ប្រទេសកូរ៉េ ៥.៣៨% និងជាមួយទ្វេភាគីផ្សេងទៀតចំនួន ៥.៣៨%។ ដោយឡែក បំណុលមរតក ដែលកំពុងចរចាដោះស្រាយមានចំនួន ៦.៧៥%៕