(កំពត)៖ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ដឹកនាំថ្នាក់ដឹកសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងសម្ព័ន្ធយុវជនមុស្លិម ថ្នាក់គ្រឹះស្ថានឧត្ដមសិក្សាចំនួន២៥០នាក់ ចុះដាំដើមកោងកាង ចំនួន១,០០០ដើមនៅតំបន់សហគមន៍នេសាទទេសចរណ៍ខេត្តកំពត នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ណាសៀត អូស្មាន បានថ្លែងអំណរអរគុណដល់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ថ្នាក់គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីបង្កើតកម្មវិធីនេះក្នុងគោលបំណង ចូលរួមជាមួយរដ្ឋាភិបាលក្នុងការថែរក្សាបរិស្ថានកម្ពុជា ក៏ដូចជាប្រព័ន្ធអីកូឡូជីពិភពលោក និងបង្កើតជម្រកត្រីនៅក្នុងប្រទេសកម្ពុជាផងដែរ។

កម្មវិធីនេះក៏មានអញ្ចើញចូលរួមពីសំណាក់ លោក អឹង ឆាយ អភិបាលរងខេត្តកំពត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត ដែលលោកបានថ្លែងអំណរអរគុណដល់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលមានចិត្តស្នេហាជាតិ និងមានគម្រោងល្អបែបនេះដែលជាគំរូល្អដល់យុវជនដ៏ទៃទៀត ក្នុងការចូលរួមការពារបរិស្ថាននៅក្នុងប្រទេសរបស់យើង ដ៏ដូចជាពិភពលោកទាំងមូល។

គួររំលឹកផងដែរថា នេះជាលើកទីពីរហើយ ដែលសមាគមសម្ព័នយុវជនមុស្លិមកម្ពុជា បានរៀបចំកម្មវិធីនេះឡើង ដែលលើកទី១បានធ្វើឡើងក្នុងឆ្នាំ២០២០កន្លងទៅ ហើយសមាគមក៏មានគម្រោងក្នុងការរៀបចំកម្មវិធីនេះ ជារៀងរាល់ឆ្នាំផងដែរ៕