(កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឧកញ៉ា អែល សារ៉ុម និងលោកស្រី អគ្គនាយក អេស អូ តូ លោក ប៊ុន វុត្ថា និងលោកស្រី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នាឱកាសនោះដែរ លោកឧកញ៉ា ឡូវ ហ៉ឹង ក៏បាននាំយកអំណោយរបស់ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាថវិកាប្រមាណ ៦,០០០ដុល្លារ ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ ៣២០គ្រួសារ ជាសមាជិកបក្ស ប្រធានក្រុមបក្សមូលដ្ឋាន និងលោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ សមាគមន៍ក្មេងកំព្រា និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមលោក ស៊ីម គង់ ប្រធានគណបក្សស្រុកស្រីសន្ធរ និងជាអភិបាលស្រុក បានឱ្យដឹងថា សព្វថ្ងៃក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ បានកំពុងយកចិត្តទុកដាក់ អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលដល់សហគមន៍ តាមបទបញ្ជា និងវិធានការ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរផងដែរ។

លោក ចាស់ ជឿន ប្រធានគណៈបក្សឃុំទងត្រឡាច ក៏បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ឡូវ ហ៉ឹង ដែលតែងតែជួយអភិវឌ្ឍក្នុងឃុំទងត្រឡាច ទំាងហេដ្ឋារចនាសម្ភ័ន សម្ភារៈ បរិក្ខាពេទ្យ និងថវិកាដើម្បីសម្រួលដល់ប្រជាពលរដ្ឋរស់នៅទីនេះ។

លោកឧកញ៉ា អែល សារ៉ុម បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់អំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺមានកុមារ កុមារកំព្រា និងកុមាពិការមិនតិចទេ ដែលបានពុះពារខិតខំប្រឹងសិក្សា និងទទួលបានចំណេះ ជំនាញដ៏ពិតប្រាកដ និងទទួលបានជោគជ័យ ហើយក៏បាននិងកំពុងទទួលបានការងារល្អប្រសើរផងដែរ តួយ៉ាងដូចរូបលោកឧកញ៉ា បានឆ្លងកាត់ការតស៊ូ និងពុះពាររាល់ឧបសគ្គជាច្រើន ទើបទទួលបាននូវជោគជ័យដូចសព្វថ្ងៃនេះ។

បើតាមឧកញ៉ា ឡូវ ហ៉ឹង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងលោកឧត្តមសេនីយ ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ដោយមើលឃើញភាពចាំបាច់ របស់អាជ្ញាធរមូលដ្ឋាន ទើបរូបលោកផ្ទាល់ និងក្រុមការងារបាននាំយកនូវសម្ភារបរិក្ខាពេទ្យ និងថវិការដើមី្បចូលរួមទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបនូវការលំបាកខ្វះខាត។

ក្នុងនោះដែរឧកញ៉ា ឡូវ ហ៉ឹង ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំមួយចំនួន ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចេះធ្វើការសម្របសម្រួលខ្លួន ឱ្យចេះរស់នៅតាមបែបគន្លងថ្មី ជាមួយជម្ងឺកូវិដ១៩។ ពីព្រោះថាជំងឺកូវីដ១៩នេះ គឺជាជំងឺសាកល ដែលបានរីករាលដាល នៅលើសកលលោកយើងនេះ។

ឧកញ៉ា ឡូវ ហ៉ឹង ក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ កុំឱ្យចូលក្នុងសហគមន៍ ទោះបីប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់ដូសហើយក៏ពិតមែន ក៏ត្រូវតែបន្តការអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ព្រោះថា ជំងឺកូវីដ មិនរើសអើងបុគ្គលណាម្នាក់នោះឡើយ នៅពេលដែលយើងមានការធ្វេសប្រហែសនោះ។

សូមបញ្ជាក់ថា អំណោយជាថវិកាចំនួន ៦,០០០ដុល្លារ ក៏មានការជួយឧបត្ថមពីសំណាក់ឧកញ៉ា ឡូវ ហ៉ឹង និងលោកស្រី, លោកឧកញ៉ា ជា លាងហុង និងលោកស្រី និងលោកឧកញ៉ា អែល សារ៉ុម និងលោកស្រីអគ្គនាយក អេស អូ តូ, លោក ប៊ុន វុត្ថា និងលោកស្រី លោក ពូន វណ្ណា និងលោកស្រី លោក ផុន សុណ្ណារិទ្ធ និងលោកស្រី៕