(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាតំណាងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

ក្រុមហ៊ុន ដែលបានចូលរួមដេញថ្លែងនោះ មានសរុបចំនួន១២ក្រុមហ៊ុន បានអញ្ជើញចូលរួមដេញថ្លៃតាមនីតិវិធី លើគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២១។

ការដាក់ឲ្យមានការដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ នាពេលនេះ គឺដើម្បីផ្តល់លទ្ធភាពឲ្យរដ្ឋបាលសង្កាត់ ធ្វើការជួសជុល កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានរបស់ខ្លួនដែលខ្វះខាត ខូចខាត ឬធ្វើឲ្យមានសោភ័ណភាព និងដើម្បីធានាឲ្យមានតម្លាភាពក្នុងការចំណាយថវិកាថ្នាក់ក្រោមជាតិ ព្រមទាំងបំពេញសេវាតម្រូវការចំទិសដៅដែលប្រជាពលរដ្ឋចង់បាន។ ជាពិសេសធានាបាននូវភាពល្អប្រសើររាល់ពេលអនុវត្តកិច្ចសន្យា ជាមួយភាគីក្រុមហ៊ុនទទួលបានការដេញថ្លៃផងដែរ៕