(រតនគិរី)៖ រដ្ឋបាលក្រុងបានលុង ខេត្តរតនគិរី បានទទួលជំនួយសម្ភារប្រឆាំងមេរោគកូវីដ-១៩មួយចំនួន មានដូចជាម៉ាស៊ីនបាញ់សម្លាប់មេរោគកូវីដ១គ្រឿង ទឹកថ្នាំសម្លាប់មេរោគកូវីដចំនួន៣០លីត្រ និងម៉ាស់ចំនួន១០,០០០បន្ទះ ពីសមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជំនួយឧបត្ថម្ភទាំងនេះ ត្រូវបាននាំយកទៅប្រគល់ជូនដល់រដ្ឋបាលក្រុងបានលុងនាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបានលុង។

នាពិធីប្រគល់-ទទួលជំនួយទាំងនេះ លោក ងិន ណែល អភិបាលក្រុងបានលុង បានកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបានលុង ដែលជានិច្ចកាលតែងបានកៀរគរជំនួយនានាជួយដល់រដ្ឋបាលក្រុងបានលុង និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជននៅមូលដ្ឋាន។ លោកអភិបាលក្រុងក៏បានថ្លែងអំណរគុណដល់សង្គមស៊ីវិលទាំងពីរ ដែលតែងបានគាំទ្រ និងចូលរួមបំពេញនូវតម្រូវការជាក់ស្តែងរបស់រដ្ឋបាល។

លោក ងិន ណែល ក៏បានចូលរួមរំលឹកដល់ប្រជាជនទាំងអស់នៅក្នុងក្រុងបានលុងនិយាយដោយឡែក ដល់ប្រជាជនកម្ពុជាទូទៅនូវការចូលរួមឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយប្រសិទ្ធភាពនៃការអនុវត្តតាមវិធានការសុខាភិបាល ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា «៣កុំ និង ៣ការពារ» ហើយក៏បានផ្តាំផ្ញើដល់មន្ត្រីសាលាក្រុងបន្តចូលរួមចំណែកបម្រើសុខភាពជូនដល់ប្រជាជន និងចូលរួមផ្តល់ព័ត៌មានពីការរក្សាទុកឱ្យបានល្អនូវបណ្ណចាក់វ៉ាក់សាំង។

បន្ថែមពីលើនេះ លោក ងិន ណែល បានយកឱកាសនេះស្នើសុំប្រជាជននៅក្នុងក្រុងបានលុងចូលរួមឱ្យទាន់ពេលវេលាក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ ខាងមុខ។

ក្នុងនាមម្ចាស់អំណោយនិងក្នុងនាមព្រះតេជគុណ ចាវ ស៉ីន (Zhao Xin) អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងលោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកទឹកចិត្តដល់បណ្តាសង្គមស៊ីវិលនានានៅកម្ពុជាបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាមួយផ្នែកសុខាភិបាលក្នុងការចូលរួមចំណែកជួយទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីចូលរួមកាត់ផ្តាច់ការចម្លងកូវីដ។

គួរជម្រាបថា កន្លងមក សមាគមទាំងពីររួមជាមួយអង្គការ YUNDI ក៏បានផ្តល់ជូននូវអំពូលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងជួយសម្របសម្រួលជូនដល់កុមារចំនួន៤រូបនៅក្នុងក្រុងបានលុង សម្រាប់ការវះកាត់ និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅប្រទេសចិនថែមទៀត។

លោ ជា មុនីឫទ្ធិ បានសន្យាថានឹងបន្តបេសកកម្មជាមួយបណ្តាសង្គមស៊ីវិលនានា និងជាមួយក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបានលុង ដើម្បីបន្តចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងក្រុងបានលុងទៀតផង៕