(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងឲ្យបន្តពង្រឹងវិន័យចំពោះកងកម្លាំងទាំងអស់ និងដាក់ចេញបទបញ្ជាធានាការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំទាំងមូល ។

ការថ្លែងបែបនេះ របស់លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា បានធ្វើឡើង នៅទីបញ្ជាការស្នងការនគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានកងកម្លាំងសរុប ២៣៨នាក់ ក្នុងនោះកម្លាំងកងអន្តរាគមន៍ពិសេសចំនួន១២០នាក់ កម្លាំងប្រចាំបញ្ជាពេញ២៤ម៉ោង លើ០៧ថ្ងៃ ចំនួន២០នាក់, មន្ត្រីការងាររដ្ឋបាល និងចរាចរណ៍ចំនួន៩៨នាក់ ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការបន្តធានាការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំទាំងមូល នឹងលើកឡើងនូវ០៥ចំណុច ណែនាំដល់កម្លាំងនគរបាលលជាតិ រួមមាន៖
១. ដាច់ខាតគោរពវិន័យនគរបាល
២. ចូលរួមអនុវត្ត ៣កុំ-៣ការពារ និងវិធានការសុខាភិបាល
៣. ពង្រឹងការគ្រប់គ្រងកម្លាំង កិច្ចការងារជំនាញ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
៤. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង
៥. ការពារដាច់ខាត រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ។

លោកស្នងការ ក៏បានកោតសរសើរចំពោះ បងប្អូនកងកំលាំងនគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព អនុវត្តវិន័យ របស់កងកម្លាំង បានយ៉ាងល្អប្រសើរ ទោះបីស្ថិតនៅក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលនៅក្នុងប្រទេសក៏ដោយ ប៉ុន្តែកងកម្លាំងនគរបាលយើង បាននិងបន្តខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ក្នុងការបំពេញការងារស្នូលរបស់អង្គភាព រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការបំរើសេវាសាធារណៈ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ។
ជាចុងក្រោយ លោកស្នងការនគរបាលខេត្តត្បូងឃ្មុំរូបនេះ បានណែនាំដល់បងប្អូនកងកម្លាំងទាំងអស់ ឲ្យបន្តថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបម្រើការងារសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ និងត្រូវបន្តអនុវត្តតាមវិធានការរបស់ ក្រសួងសុខាភិបាល និង៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ៕