(រតនគិរី)៖ លោក គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងសហការី នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ខេត្តរតនគិរី ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ២គ្រួសារនៅភូមិបានហ្វាំងឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

នៅក្នុងឱកាសនោះ លោក គិត ទ្រី បាននាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលតែងតែយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែងគ្រប់ពេលវេលា និងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ទន្ទឹមនោះដែរលោកក៏បានសម្តែងនូវការចូលរួមសោកស្តាយ និងការអាណិតអាសូរចំពោះពលរដ្ឋទាំង ២គ្រួសារដែលបានបាត់បង់លំនៅដ្ឋាន ដោយគ្រោះអគ្គីភ័យតែមួយប៉ព្រិចភ្នែក និងផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋទាំង២គ្រួសារ កុំអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងប្រកបរបរទទួលទានឡើងវិញផងដែរ។

ប្រជាពលរដ្ឋរងគ្រោះទាំង២គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡុក្រាម , ឆ្នាំងបាយ១ , ឆ្នាំងសម្លរ១ , ចានបាយ១០, ចានសម្លរ១០, ស្លាបព្រា ១ឡូតិ៍, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មុង១ , ភួយ១ , សារុង១ , ក្រមា១ និងថវិកា ១០ម៉ឺនរៀល។ ដោយឡែកសាលាខេត្តរតនគិរីអង្ករ ៥០គីឡូក្រាម , មី២កេស , ត្រីខ ២យួរ និងថវិកា ១០ម៉ឺនរៀល, សាលាស្រុកវើនសៃអង្ករ ៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ, មី១កេស, ទឹកសុទ្ធ ៥យួរ និងថវិកា ៥០ម៉ឺនរៀល និងព្រះសង្ឃវត្តបានហ្វាំងក៏បានឧបត្ថម្ភអង្ករ ៥០គីឡូ, ទឹកសុទ្ធ២០យួរ, ថវិកា ២០ម៉ឺនរៀលផងដែរ។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំង ២គ្រួសារនេះ កើតឡើងនៅវេលាម៉ោង ១២៖៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី៨ ខែ វិច្ឆិកា ២០២១ បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕