(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានវាយខ្នោះលើជនណាដែលរិះគន់ថា ការកែប្រែ រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងការអនុម័តក្នុងសភាពី២ភាគ៣ មកត្រឹម៥០ភាគរយបូក១ ខុសនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «បើអ្នកឯងចោទសភាខុស គេមានសិទ្ធិទៅវ៉ៃខ្នោះអ្នកឯង ផ្តាំផ្ញើទៅផង ល្មមៗបានហើយ ហើយតិចថា ហ៊ុន សែន មិនហ៊ាន? ហ៊ុន សែន ហ៊ានវ៉ៃខ្នោះអ្នកនយោបាយម៉ោង១២យប់ រឿងអីមិនហ៊ានវ៉ៃខ្នោះត្រឹមប៉ុណ្ណេះ ឱ្យមកបកស្រាយនៅតុលាការ»

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ស្រ៊ុន ស្រ៊ន ដែលសារព័ត៌មានមួយចំនួនហៅថា សកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស រិះគន់ថា ការកែប្រែការអនុម័តពីចំនួន២ភាគ៣ មកត្រឹម៥០ភាគរយបូក១ គឺខុសពីគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបង្កើតឡើងដោយក្រុមជម្លោះប្រដាប់អាវុធទាំង៤ភាគី។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលើកឡើងនេះមានលក្ខណៈខុសច្បាប់ធ្ងន់ធ្ងរ ដែលគួរមានវិធានការតាមផ្លូវច្បាប់។ សម្តេចបានចោទសួរថា៖ «អ្នកឯងមានមូលដ្ឋានផ្លូវច្បាប់មកពីណាចោទយើងថា សភានេះកែពី២ភាគ៣មក ៥០បូក១ ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានបានកំណត់ថា ក្នុុងសភា រដ្ឋធម្មនុុញ្ញកម្ពុជា ត្រូវតែ២ភាគ៣ឯណា»?

សម្តេចបានបន្តថា «ដើម្បីដំណើរការប្រជាធិបតេយ្យឱ្យបានល្អ ថ្ងៃក្រោយគេមិនអាចកំណត់ត្រឹម៥០ភាគរយបូក១ថែមទៀត គេកំណត់ភាគច្រើនទៅវិញ ឲ្យតែភាគច្រើនគឺឈ្នះហើយ បង្កើតរដ្ឋាភិបាលបានហើយ ប៉ុន្តែវាក៏ឆាប់រលំទៅវិញដែរ នៅពេលគេបោះឆ្នោតដកការទុកចិត្ត»

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ ដើម្បីប្រើប្រាស់រូបមន្ត ៥០ បូក១ ឬ ៥០%+១ ត្រូវបានរដ្ឋសភាជាតិ អនុម័តដោយសំឡេងគាំទ្រ១០១ ក្នុងចំណោមសមាជិកសភាសរុប១២៣ នៅថ្ងៃទី០២ មីនា ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៣។ ការឈានទៅរកការអនុម័តរូបមន្តនេះ បានកើតឡើងដោយកិច្ចប្រជុំសម្ងាត់រវាង សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី។

ក្រោមសំឡេងយ៉ាងតិច៥០ភាគរយបូក១ រដ្ឋសភា និងព្រឹទ្ធសភាអាច៖

* បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកគណៈកម្មការនានានៃរដ្ឋសភា
* បោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល និងអនុម័តញត្តិបន្ទោសទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់ រាជរដ្ឋាភិបាល
* បោះឆ្នោតជ្រើសរើប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកគណៈ-កម្មការនានានៃព្រឹទ្ធសភា
* អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងព្រឹទ្ធសភា ជាដើម៕