(ភ្នំពេញ)៖ អនុវត្តអនុសាសន៍ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារ អ្នកប្រើប្រាស់ ដែលតែងតែយកចិត្តទុកដាក់ អំពីសុខុមាលភាព របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹង ការប្រើប្រាស់ម្ហូបអាហារដែលមានសុវត្ថិភាព នៅអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មានរៀបចំពិធីប្រគល់ រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារចំនួន០៥គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី-ខេត្ត។

ក្នុងពិធីប្រគល់នេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានផ្តាំផ្ញើដល់មន្ដ្រីតាមបណ្តាសាខា ត្រូវថែទាំ និងប្រើប្រាស់រថយន្ត និងឧបករណ៍វិភាគ ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព និងប្រសិទ្ធផល។ លោកក៏បានផ្តាំផ្ញើ ដល់មន្ដ្រីជំនាញវិភាគត្រូវខិតខំសិក្សាស្រាវជ្រាវ រកវិធីសាស្ត្រថ្មីៗ ដើម្បីធានាដល់ការត្រួតពិនិត្យ និងវិភាគគុណភាពទំនិញ ពិសេសម្ហូបអាហារ សំដៅធានា ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។

សូមជម្រាបថា ការប្រគល់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ដល់បណ្តារាជធានី-ខេត្ត នាពេលនេះ ដើម្បីគាំទ្រដល់សកម្មភាពការងារ របស់បណ្តាសាខា ក.ប.ប. ក្នុងការវាយតម្លៃអំពីអនុលោមភាព នៃផលិតផលម្ហូបអាហារ ប្រព្រឹត្តទៅបានទាន់ពេលវេលា កាត់បន្ថយការចំណាយថវិកា ក្នុងការចល័ត រថយន្តពិសោធន៍ និងមន្រ្តីជំនាញ ពីរាជធានីភ្នំពេញ។

គោលបំណងសំខាន់ គឺដើម្បីបង្ខិតទាំងបច្ចេកទេស និងសម្ភារៈឲ្យកាន់តែជិតគោលដៅប្រតិបត្តិការ សំដៅគាំទ្រដល់សកម្មភាព៖

* ត្រួតពិនិត្យទំនិញ ដែលចរាចរនៅលើទីផ្សារ ពិសេសផ្សារ នៅតាមបណ្តាតំបន់ដាច់ស្រយ៉ាល

* ប្រតិបត្តិការគាំទ្រ ដល់ការអនុវត្តប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដែលបច្ចុប្បន្នជាអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីសហការត្រួតពិនិត្យ ទំនិញនាំចេញ នាំចូលនៅតាមច្រកព្រំដែន

* ប្រតិបត្តិការគាំទ្រ ដល់សកម្មភាពពិនិត្យ ស្រាវជ្រាវ ករណីពុលអាហារ ដែលអាចកើតមានជាយថាហេតុ៕