(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ប្រមូលរាល់កាកសំណល់សំរាម ការរក្សាអនាម័យ សម្អាតបរិស្ថានឲ្យមានរបៀបរៀបរយ ជុំវិញការរស់នៅប្រកបដោយផាសុខភាព និងដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ។

លោក ជា ពិសី ក៏បានដាក់ចេញសេចក្ដីណែនាំ ចំនួន៣សំខាន់ៗ និងទុករយៈពេល១សប្ដាហ៍ប៉ុណ្ណោះ (៧ថ្ងៃ) ដើម្បីត្រៀមចាត់វិធានការរដ្ឋបាល វិធានការច្បាប់ និងមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ ចំពោះម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវលេខ២៤៥ (ផ្លូវម៉ៅសេទុង) ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការអំពាវនាវរបស់លោក ជា ពិសី ធ្វើក្នុងឱកាសដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ជាមួយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់សម្រាប់ប្រតិភូជាន់ខ្ពស់ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងលាងបោសសម្អាតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី (១១០) ផ្លូវរង្វង់មូលទួលគោក (២៨៩) រហូតដល់ព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ និងត្រង់ចំណុចកាំកូសុីធី ខណ្ឌទួលគោក នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ជា ពិសី បានលើកឡើងថា ការសម្រេចទុកពេល១សប្ដាហ៍ (៧ថ្ងៃ) និងវិធានការរដ្ឋបាលចំនួន៣ សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវលេខ២៤៥ (ផ្លូវម៉ៅសេទុង) រួមមាន៖

*ទី១៖ បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត
*ទី២៖ មិនអនុញ្ញាតឲ្យមានការចត ឬឈប់យានយន្ដដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមគ្រប់មធ្យោបាយនៅលើចិញ្ចើម និងទ្រូងផ្លូវសាធារណៈ នៅលើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ១៨២ ដល់ផ្លូវលេខ៣៣៦)
*ទី៣៖ ចំពោះអាជីវករដែលប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងដីកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមិនទាន់មានលិខិតអនុញ្ញាតបើកអាជីវកម្ម សូមស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មនៅការិយាល័យច្រកចេញ-ចូលតែមួយខណ្ឌទួលគោក។

លោកបន្ថែមថា ការត្រៀមចាត់វិធានការរដ្ឋបាលវិធានការច្បាប់ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ ចំពោះម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវលេខ២៤៥ (ផ្លូវម៉ៅសេទុង) នេះគឺបានអនុវត្តឡើង ក្នុងគោលបំណង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភ័ណ្ឌភាពឲ្យបានល្អប្រសើរ ក្រោយពីរដ្ឋបាលខណ្ឌ សង្កេតឃើញថា មានប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទ បានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងការចោលសំរាមគ្មានសណ្ដាប់ធ្នាប់បណ្ដាលឲ្យមានការកកស្ទះប្រព័ន្ធលូនៅពេលភ្លៀងធ្លាក់ម្ដងៗ និងធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ៕