(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង អមដំណើរដោយលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ ព្រមទាំងសហការី អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៩៦គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រជាពលរដ្ឋបានទទួលអំណោយនាឱកាសនោះ មានចំនួន៩៦គ្រួសារ នៅសង្កាត់បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ទុកដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេលផងដែរ។

លោកអភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋដែលខ្វះខាត ផ្នែកជីវភាពប្រមាណ៩៦គ្រួសារនេះ ក្នុងនោះចំនួន៣០គ្រួសារ ក្នុងភូមិ១ សង្កាត់បឹងកេងកងទី៣ និងចំនួន៣៦គ្រួសារ ក្នុងភូមិ០២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

ឆ្លៀតក្នុងឱកាសនោះ លោក ធឹម សំអាន បានរំលឹកដល់ប្រជាជនទាំងអស់នៅមូលដ្ឋានខណ្ឌបឹងកេងកង ពិសេសអ្នកមកទទួលអំណោយ ត្រូវបន្តថែទាំសុខភាពជាប្រចាំ និងចូលរួមអនុវត្តន៍នូវវិធានការ ដោយបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺយើងរួមដៃគ្នា ប្រយុទ្ធប្រឆាំងមេបំលែងថ្មី។ ដូចនេះសូមបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរកម្ពុជា «៣ការពារ និង ៣កុំ»។

លោកស្រី ស៊ិន រតនា បានបញ្ជាក់ថា អំណោយដែលបងប្អូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២០គីឡូក្រាម, មី ចំនួន១០កញ្ចប់, ទឹកស៊ីអ៉ីវ ទឹកត្រីចំនួន០៤ដប, ម៉ាស ចំនួន០១កញ្ចប់, ត្រីខ ចំនួន០២កំប៉ុង, ថ្នាំ ចំនួន០១កញ្ចប់ និងក្រូចថ្លុង ចំនួន០១ផ្លែ ផងដែរ៕