(កំពង់ធំ)៖ រដ្ឋបាលខេតុ្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជជាតិ៩វិច្ឆិកា (៩វិច្ឆិកាឆ្នាំ១៩៥៣-៩វិច្ឆិកាឆ្នាំ២០២១) ក្រោមអធិបតីភាពលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្ត នៅទីតាំងវិមានឯករាជ្យ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ និងយុវជនសហភាពសហព័ន្ធកម្ពុជា ជាច្រើនរូបទៀត។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពណាស់ ដែលព្រះអង្គបានបន្សល់ទុក នូវស្នាម ព្រះហស្ថ និងព្រះរាជលំអានឲ្យទូលព្រះបង្គំយើងខ្ញុំជាកូនចៅ ចៅទួតជំនាន់ ក្រោយបានយល់ដឹង ពីគំរូព្រះវីរភាពរបស់ព្រះអង្គ ក្នុងការដឹកនាំនាវាកម្ពុជាប្រកបដោយទសពិធរាជធម៌ ព្រះបញ្ញាញាណភ្លឺស្វាង និងទេពកោសល្យ កសាងសន្តិភាព ស្ថេរភាព ជីវភាពនយោបាយ សាមគ្គីភាពជាតិ ឯកភាពជាតិរឹងមាំ កសាងអភិវឌ្ឍន៍សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយសុខដុមរមនា ទ្រង់ជាព្រះមហាបុរសរដ្ឋដ៏ឧត្តង្គឧត្តម ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយរកទបំផុតគ្មាននោះ គឺព្រះអង្គទ្រង់បានទម្លាយខន្ធចោលទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ដោយពុំមានថ្ងៃវិលត្រឡប់វិញឡើយ។

លោកបន្តថាយើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយនូវទិវាជាប្រវត្តិសាស្ត្រដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលបានដណ្តើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៍ពីអាណានិគមនិយមបារាំងនាថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣ក្រោមព្រះរាជបូជនីយកិច្ចដ៍ថ្លៃថ្លាឧត្តុង្គឧត្តមនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្យព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមម្លប់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែងតែដង្ហែរតាមព្រះរាជតម្រិះដ៍ថ្លៃថ្លា របស់ព្រះអង្គ និងបានសម្ដែងនូវមនោសញ្ចេតនាគោរពស្រលាញ់ ក្នុងទឹកចិត្តប្រកបដោយកត្តញ្ញូតាធម៍ដ៍ជ្រាលជ្រៅ និងស្មោះត្រង់ចំពោះព្រះអង្គជាព្រះបិតាឯករាជ្យជាតិ បង្រួបបង្រួមជាតិនិងផ្សះផ្សាជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្យ ក្នុងទិសដៅថែរក្សាការពាររដ្ឋធនុញ្ញ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនដូចសព្វថ្ងៃ។

បន្ថែមពីនេះទៀត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក ងួន រតនៈ បានសម្ដែងការកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមថែរក្សា សន្តិភាពការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន និងរឹងមាំបំផុត៕