(កំពត)៖ រដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រារព្ធនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្ត លោក លោកស្រី ជួរថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អជ្ញាធរ និងអ្នកពាក់ព័ន្ធទូទាំងខេត្តកំពត ប្រមាណជិត ៤០០នាក់ ដែលមានទីតាំងស្ថិតក្នុងបរិវេណស្រះឈូក សង្កាត់កំពង់កណ្ដាល ក្រុងកំពត។

រដ្ឋបាលខេត្ត ប្រារព្ធពិធីនេះឡើង ដើម្បីសម្ដែងនូវទឹកចិត្តសោមន្សរីករាយ អបអរសារទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញ ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នូវ ឯករាជ្យជាតិពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចទាមទាឯករាជ្យជាតិដ៏ឧត្តុងឧត្តមនៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

សូមបញ្ជាក់ដែរថា ទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ។

ក្នុងអង្គពិធីទាំងមូល សូមសម្ដែងនូវកត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាព្រះបាទនរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សារជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ៕