(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិដែលគិតចាប់ពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតដល់ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូយ៉ាងជោគជ័យរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង។

ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំស្ថាប័នតុលាការ សាលាខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក និងមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ព្រះសង្ឃ និស្សិត យុវជនកាយរិទ្ធ ព្រមទាំងយុវជនស.ស.យ.ក។

ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ខួបអនុស្សាវរីយ៍ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅទូទាំងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ ក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។

លោកអភិបាលខេត្ត បានបន្តថា សម្តេចព្រះនរោត្តមសីហនុ ព្រះអង្គជាបិតាសន្តិភាព ព្រះបិតាបង្រួបបង្រួម និងផ្សះផ្សារជាតិ ទ្រង់បានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ រកគន្លឹះដោះស្រាយបញ្ហាកម្ពុជា រហូតទទួលបានសុខសន្តិភាព រស់ក្រោមដំបូលឆ័ត្រតែមួយ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោក ក៏បានគូសបញ្ជាក់បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជា តែងតែដង្ហែរតាមព្រះរាជតំរិះ ដ៍ថ្លៃថ្លាជារៀងរហូតមក ជាពិសេសដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យសង្គមជាតិទាំងមូល មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា ជាមួយគ្នានេះ ការរំលឹកខួបអនុស្សាវរីយ៍ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តនៅពេលជាមួយ នឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាន នូវគុណូបការៈដ៏ថ្លៃថ្លារបស់ វីរយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ និងភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃផ្សេងៗ ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និងវិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនេះ កម្មវិធីទាំងមូលបានប្រព្រឹត្តិទៅដោយមានប្រគេនទេយ្យទានព្រះសង្ឃ០៩អង្គ ព្រះសង្ឃសូត្រស្វាធ្យាយជយន្តោ ដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធ និងអុជទៀនជ័យ អានប្រវត្តិសង្ខេបព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ និងជាចុងក្រោយពិធីបង្ហោះប៉េងប៉ោង៕