(ភ្នំពេញ)៖ សកម្មជនក្រុមប្រឆាំងសរុប១១នាក់ ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពជាបន្តបន្ទាប់ ក្នុងនោះមាន៧នាក់ ត្រូវបានដោះលែងក្នុងសប្តាហ៍កន្លងទៅនេះ និង៤នាក់ទៀត នឹងត្រូវដោះលែងនៅថ្ងៃទី១០ និងទី១២ ខែវិច្ឆិកា។ នេះបើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

បើយោងតាមលោក ប្លង់ សុផល, សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាបន្តបន្ទាប់ និងបានប្រកាសសាលក្រមកាលពីថ្ងទី២៦ ខែតុលា ឆ្នាំ២០២១ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងជនជាប់ចោទមួយចំនួនដែលជាសកម្មជនយុវជន ដែលត្រូវបានគេស្គាល់ថា ជាក្រុមយុវជនខ្មែរថាវរៈ និងបានប្រកាសសាលក្រមកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំពោះករណីសំណុំរឿងព្រហ្មទណ្ឌដែលមានជនជាប់ចោទឈ្មោះ កាក់ សុវណ្ណច្ឆ័យ។

ផ្នែកតាមការសម្រេចរបស់តុលាការ, ជនជាប់ចោទទាំងនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំពោះបទល្មើសដែលត្រូវបានចោទប្រកាន់ ប៉ុន្តែទោសនោះ ត្រូវអនុវត្តមួយផ្នែកក្នុងពន្ធនាគារ និងទោសមួយផ្នែកទៀតដែលនៅសល់ ត្រូវបានតុលាការសម្រេចព្យួរទោស ហើយក្នុងនោះ ឈ្មោះ ហុង លីម ដែលត្រូវបានគេស្គាល់ថា ជាអនិកជនខ្មែរ-អូស្រ្តាលី ក៏ត្រូវបានតុលាការសម្រេចឲ្យរួចផុតពីការចោទប្រកាន់ផងដែរ។

គួរបញ្ជាក់ដែរថា ការសម្រេចរបស់តុលាការខាងលើ ធ្វើឡើងបន្តាប់ពីក្រសួងយុត្តិធម៌បានចេញគោលការណ៍ណែនាំកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ជំរុញលើកទឹកចិត្តឲ្យតុលាការសម្រេចអំពីការដោះលែងនៅក្រៅឃុំ និងការប្រើប្រាស់ការព្យួរទោសក្នុងការកាត់ក្តី ដើម្បីរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។

យោងតាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញខាងលើ, សកម្មជន៧នាក់ហើយ ដែលតុលាការបានដោះលែងក្នុងសប្តាហ៍មុននេះ រួមមាន ទី១៖ ទុំ វុទ្ធី, ទី២៖ ឈួ ផេង, ទី៣៖ មាន ព្រហ្មមុនី, ទី៤៖ កើត សារ៉ាយ, ទី៥៖ ថា ឡាវី, ទី៦៖ អេង ម៉ាឡៃ។ ពួកគេត្រូវតុលាការសម្រចដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរ ដោយមានការសាកល្បងរយៈពេល២ឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និង ទី៧៖ សាត ផា ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចនៅមុខស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ក្រៅពីសកម្មជនទាំង៧នាក់ខាងលើនេះ នៅមានសកម្មជន៤នាក់ទៀត ដែលនឹងអាចត្រូវតុលាការដោះលែងផងដែរ បន្ទាប់ពីអនុវត្តផ្នែកខ្លះនៃទោសចប់សព្វគ្រប់ ក្នុងនោះមាន៖ ទី១៖ កាក់ សុវណ្ណច្ច័យ នឹងអាចត្រូវដោះលែងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១, ទី២៖ មួង សុភ័ក្រ នឹងអាចត្រូវដោះលែងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយនិងទី៣៖ ហ៊ុន វណ្ណៈ និងទី៤៖ ឈឿន ដារ៉ាវី នឹងអាចត្រូវដោះលែងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែ ដោយសារតែថ្ងៃផុតកំណត់ការអនុវត្តផ្នែកនៃទោសដែលត្រូវអនុវត្ត ត្រូវចំថ្ងៃឈប់សម្រាកនោះ អ្នកទាំង២នឹងត្រូវដោះលែង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១វិញ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ដោយឡែកពិរុទ្ធជនចំនួន០៤នាក់ផ្សេងទៀត ដែលបានអនុវត្តផ្នែកនៃទោសដែលត្រូវអនុវត្តនៅពន្ធនាគារ ចប់សព្វគ្រប់ ប៉ុន្តែមិនទាន់អាចបានដោះលែងបាន ដោយមូលហេតុជនទាំងនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន និងផ្តន្ទាទោសក្នុងសំណុំរឿងផ្សេងទៀត ដែលរួមមានឈ្មោះ៖ ទី១៖ គង់ សំអាន (សកម្មជនប្រឆាំង), ទី២៖ ឡុង គន្ធា, ទី៣៖ ភួន កែវរស្មី និងទី៤៖ ថុន រដ្ឋា (ពួកគេទាំង៣នាក់ ជាសកម្មជនចលនាមាតាធម្មជាតិ)។

លោក ប្លង់ សុផល អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ការដោះលែងជាបន្តបន្ទាប់នេះ ក៏ជាការរួមចំណែកដោះស្រាយ ភាពចង្អៀតណែនក្នុងពន្ធនាគារ និងអនុលោមតាមគោលការណ៍ណែនាំរបស់ក្រសួងយុត្តិធម៌ផងដែរ។

សូមជំរាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ក្រសួងយុត្តិធម៌ក៏បានចេញគោលការណ៍ណែនាំមួយចំនួន ដោយសំដៅជំរុញឲ្យការដោះលែងនៅក្រៅឃុំ ព្រមទាំងជំរុញការកាត់ក្តីឲ្យបានឆាប់ដោយ លើកទឹកចិត្តឲ្យតុលាការ ប្រើប្រាស់វិធានការអនុគ្រោះមួយចំនួន ជាពិសេសការព្យួរទោស ដើម្បីពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំរឿងនិងដើម្បីរួមចំណែកដោះស្រាយ ភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ។ គួរកត់សម្គាល់ផងដែរថា គោលការណ៍ណែនាំខាងលើ ក៏ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងយុត្តិធម៌បានបញ្ចប់ដោយជោគជ័យនូវយុទ្ធនាការនៃការដោះស្រាយការកកស្ទះរឿងក្តីព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត។ តាមយៈគោលការណ៍ណែនាំថ្មីរបស់ក្រសួងយុត្តិធម៌នេះ អ្នកវិភាគមួយចំនួនបានរំពឹងថា នឹងអាចមានការដោះលែងបន្ថែមទៀតនាពេលខាងមុខ ចំពោះសកម្មជននយោបាយ, សកម្មជនយុវជន, សកម្មជនបរិស្ថាន ជាដើម នាពេលខាងមុខ៕