(ក្រចេះ) ៖ លោកហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកប៉ែន លីណាត អភិបាលរងខេត្តក្រចេះស្តីទី នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំង មន្រ្តី និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ប្រារព្ឋពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ខួបលើកទី៦៨ នៅចំនុច វិមានឯករាជ្យ សង្កាត់ក្រចេះ ក្រុងក្រចេះ។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ត្រីរាជការ បានអញ្ជើញដាក់កម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងរំលឹកគុណូបការៈអ្នកស្នេហាជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិអោយរួចផុតពីរបបអាណានិគមបារាំង។

លោកប៉ែន លីណាត បានថ្លែងថា ពិធីខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃឯករាជ្យ ០៩វិច្ឆិកា បានធ្វើឲ្យប្រជាជាតិខ្មែរទាំងមូលចងចាំជានិច្ច នូវព្រះគុណព្រះករុណាទិគុណ ព្រះករុណព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយក ព្រះរាជហឫទ័យ ធ្វើការតស៊ូ ទាមទារយកមកវិញដោយជោគជ័យនូវឯករាជ្យជាតិកម្ពុជា ពីអាណានិគមនិយមបារាំង។

លោកអភិបាលរងខេត្តក្រចេះស្តីទី បានបន្តថា យើងមានមោទនភាពដោយបានដោះស្រាយ បញ្ចប់អង្គការចាត់តាំងពួកខ្មែរក្រហម និងកម្លាំងរបស់ពួកគេឲ្យមករួមរស់ជាមួយរដ្ឋាភិបាល វិញដោយគ្មានការបង្ហូរឈាមតាមយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិត បានខិតខំរៀបចំនិងអនុវត្តកម្មវិធី នយោបាយរបស់ខ្លួន ដោយដាក់ចេញនូវយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ច ការដោះស្រាយ ការងារជូនប្រជាពលរដ្ឋ ការធានាសមធម៌ និងយុត្តិធម៌ និងការលើកស្ទួយប្រសិទ្ធភាព វិស័យសាធារណៈ តាមរយៈផែនការសកម្មភាព អភិបាលកិច្ច និងកំណែទម្រង់ដ៏ស៊ីជម្រៅ និងប្រទាក់ក្រឡាគ្នាក្នុងគ្រប់ផ្នែក គ្រប់វិស័យ។

ទន្ទឹមហ្នឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការលើគ្រប់វិស័យដើម្បីស្ដារ និងជំរុញ សេដ្ឋកិច្ចឱ្យបន្តស្ថិតនៅលើគន្លងនៃកំណើន ខ្ពស់ និងរស់រវើកឡើងវិញ ពោល គឺស្ដារជីវភាព របស់ប្រជាជនទូទៅ ជាពិសេសបងប្អូនជន ដែលបានបាត់បង់ឱកាសរកប្រាក់ចំណូល និងការងារបណ្ដាលមកពីវិបត្តិកូវីដ-១៩។

ក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្តស្ដីទី ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ឲ្យបន្តចូលរួមអនុវត្តនៅវិធានការសុខាភិបាល ដោយប្រកាន់ ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ ជាប់ជានិច្ច ហើយចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញទៅ ចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា៕