(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងថ្នាក់ដឹកនាំក្នុងខេត្ត ព្រម ទាំងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការគ្រប់ស្ថាប័ន សរុបប្រមាណជាង ២០០នាក់។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ពេលនេះយើងទាំងអស់គ្នាប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំកម្លាំងប្រដាប់អាវុធ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយម បារាំងនាឆ្នាំ១៩៥៣។

លោកអភិបាលខេត្ត បានបន្តទៀតថា ខ្ញុំសូមគោរពដឹងគុណ និងចងចាំជានិច្ចនូវពលិកម្មដ៏ឧត្តុង្គឧត្តមរបស់វីរៈយុទ្ធជន វីរៈយុទ្ធនារីដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានពលីជីវិតដើម្បី ជាតិ សាសនា និងព្រះមហាក្សត្រនិងសូមសម្ដែងនូវ ការគោរពដឹងគុណ ជូនចំពោះនាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលបានគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

បបន្ថែមពីនេះទៀត នៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលពេញពិភពលោកយើងនេះ ដោយឡែកនៅព្រះរាជាណាចក្រ កម្ពុជាយើង ក៏បានឆ្លងរីករាលនៃជំងឺកូវីដ-១៩ ពាសពេញប្រទេសយើង ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាជន ទោះបីមានផលប៉ះពាល់យ៉ាងនេះក្តី ប៉ុន្តែនៅប្រទេសកម្ពុជា យើងមានមេដឹកនាំដ៏ឈ្លាសវៃតែងតែ បានដាក់ចេញនូវវិធានការ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុងការកាត់បន្ថយការឆ្លងរីករាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេស ។

ជាងនេះទៅទៀត ទស្សនៈវិជ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា គឺប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់ នៅក្នុងប្រទេសលើគ្រប់វិស័យ។ ផ្ទុយទៅវិញគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយ ផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង។

សូមបញ្ជាក់ថា ជំងឺកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសាធារណៈជាពិសេសចំណូលរដ្ឋ។ ការបាត់បង់ចំណូលបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយន្តការថ្មីៗដើម្បីកៀរគរធនធានហិរញ្ញវត្ថុ ដែលអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍនាពេលអនាគត។ ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺជាយន្តការស្នូលមួយ មិនអាចខ្វះបានដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុទាំងនៅក្នុងអំឡុងពេល និងក្រោយវិបត្តិនេះ ៕