(កំពត)៖ កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង ដែលជាគំនិតកគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បំពាក់នៅលើផ្លូវជាតិលេខ៣ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ត្រៀមដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។

នេះបើយោងតាមការបញ្ជាក់របស់លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱ្យកាសដឹកនាំគណៈប្រតិភូ ដែលរួមមានថ្នាក់ដឹកនាំពាក់ព័ន្ធ និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គស្នងការនគរបាលជាតិ តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព ការងារកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប ដែលគ្រោងនឹងដាក់ដំណើរការឆាប់ៗនេះ។

លោក ខាន់ ម៉ាណេរ បានថ្លែងបញ្ជាក់ថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំងនេះ ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ ក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ ៤គន្លងមានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។

ចំណែកភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប២ទីតាំង ត្រូវបានដំឡើងនៅត្រង់ចំណុចវត្តស្លែង និងផ្សារអង្គតាសោម ដែលភ្លើងសញ្ញាចរាចរណ៍នេះ បំពាក់នូវប្រព័ន្ធ Wireless សម្រាប់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយ និងធ្វើការបញ្ជាដំណើរការតាមទូរសព្ទដៃ ព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ អគ្គីសនី។

លោក ខាន់ ម៉ាណេរ បានបញ្ជាក់ទៀតថា កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរ មិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ។ មុននឹងដាក់ប្រើប្រាស់ផ្លូវការ អាជ្ញាធរពាក់ព័ន្ធ នឹងខិតខំអប់រំផ្សព្វផ្សាយ ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹងអំពី ច្បាប់ចរាចរណ៍ និងការដាក់កាមេរ៉ាចាប់ល្បឿន ហើយអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹង ដល់អ្នកបើកបរយ៉ាងតិច ១គីឡូម៉ែត្រ មុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន។

លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់ របស់ប្រមុខរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានខិតខំដឹកនាំទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបាននាំយក បច្ចេកវិទ្យាទំនើបសម្រាប់ប្រើប្រាស់ និងការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើដំណើរដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់បាត់បង់អាយុជីវិត និងខាតបងថវិកាជាតិ៕