(កណ្ដាល)៖ លោកស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ជនឈ្មោះ ឃន វណ្ណៈ មានមុខរបរគ្រូបង្រៀនបើកបររថយន្ត៨មីនា ដាក់ពន្ធនាគារ ក្រោយលួចកៅអី នៅចំណុចផ្ទះសំណាក់ ភ្នំមាស ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាមលោកជួន សុបញ្ញា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានប្រាប់បណ្តាញ Fresh News នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

បើតាមរបាយការណ៍របស់នគរបាលបានបញ្ជាក់ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៤និង០០នាទី ទាបភ្លឺនៅចំណុច ផ្ទះសំណាក់ភ្នំមាសភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យឈ្មោះ ឃន វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងរំដួល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មុខរបរគ្រូបង្រៀនបើកបររថយន្ត៨មីនា។

របាយការណ៍បានបន្តទៀតថា ជនសង្ស័យខាងលើ បានចូលដេកផ្ទះសំណាក់ភ្នំមាស។ លុះមកដល់ពេលវេលាកើតហេតុខាងលើ ជនសង្ស័យបានគិតលុយចេញពីផ្ទះសំណាក់ ដោយបានលួចកៅអីឈើចំនួន២ លើកដាក់ក្នុងរថយន្តរបស់ខ្លួន តែដោយមានការសង្ស័យខាងបុគ្គលិកផ្ទះសំណាក់ បានឃាត់សួរនាំហើយឃើញកៅអីឈើរបស់ផ្ទះសំណាក់ចំនួន២នៅក្នុងគូទរថយន្ត ហើយក៏បានប្តឹងសមត្ថកិច្ចអោយចុះឃាត់ខ្លួនដើម្បីយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ច។

សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះឃន វណ្ណៈបានឆ្លើយសារភាពថាខ្លួនបានលួចយកកៅអីរបស់ជនរងគ្រោះចំនួនបីដងទាំងលើកហ្នឹង និងបានកៅអីឈើចំនួន៦កៅអីដោយលួចតែម្នាក់ឯងទេ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូង បានបញ្ជាក់ថា បច្ចុប្បន្នជនខាងលើនេះត្រូវបានចោទពីបទ * អំពើលួច * ហើយត្រូវបានសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល៕