(ភ្នំពេញ)៖ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានរៀបចំសន្និសីទថ្នាក់ជាតិ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការលើកកម្ពស់បរិយាកាស អ្នកប្រើប្រាស់ជាចម្បងនៅកម្ពុជា៖ វឌ្ឍនភាព និងសមិទ្ធផល» ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិក និង ជាលេខាធិការ នៃគណៈកម្មាធិការជាតិ ការពារអ្នក ប្រើប្រាស់ ជាតំណាងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ ។

សន្និសីទនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា (EuroCham) ក្រោមការឧបត្ថម្ភគាំទ្រ ពីទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ)។

សន្និសីទថ្នាក់ជាតិនេះ រៀបចំឡើង ក្នុងគោលបំណងជំរុញ និង លើកកម្ពស់វិស័យកិច្ចការពារ អ្នកប្រើប្រាស់ ព្រមទាំងចែករំលែក នូវបទពិសោធន៍ល្អៗ ទៅវិញទៅមក និង ពិភាក្សាលើបញ្ហាថ្មីៗ ដែលបាននិងកំពុង កើតមានឡើងពាក់ព័ន្ធនឹងវិស័យកិច្ច ការពារអ្នកប្រើប្រាស់ ទាំងនៅក្នុងតំបន់និង អន្តរជាតិផងដែរ ។

សន្និសីទនឹងពិភាក្សាលំអិតលើបញ្ហានានា ដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសគឺការផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរក ដំណោះស្រាយនូវបញ្ហា ប្រឈមនានា និងការកំណត់នូវវិស័យជាអាទិភាព ក្នុងការពង្រឹងនូវយន្តការអនុវត្តច្បាប់ របស់ខ្លួនដោយធ្វើការពង្រឹង សមត្ថភាពមន្ត្រី អនុវត្តច្បាប់ ការជំរុញឲ្យមានការយល់ដឹង អំពីច្បាប់ដល់ធុរជន សិទ្ធិរបស់អ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធជាដើម។

បន្ទាប់ពីរៀបចំសន្និសីទថ្នាក់ជាតិនេះ នឹងទទួលបានធាតុចូល សំខាន់ៗ ឈានទៅរៀបចំសេចក្តីព្រាងកម្មវិធីជាតិ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា និងសេចក្តីព្រាង ឯកសារ គតិយុត្តផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្ត ឲ្យមានការបង្កើតឡើង នូវសមាគមអ្នកប្រើប្រាស់នៅកម្ពុជា ដើម្បីរួមចំណែក ក្នុងការតម្រង់ទិសឆ្ពោះទៅរកការ ធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងសាកលលោក ស្របតាមផែនការ សកម្មភាព ជាយុទ្ធសាស្រ្តអាស៊ាន ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ សម្រាប់ឆ្នាំ ២០១៦-២០២៥ ASEAN Strategic Action Plan for Consumer Protection (ASAPCP) ដែលអាចនិយាយបានថា ជាសូចនាករមួយ សម្រាប់បណ្តាប្រទេស ក្នុងតំបន់អាស៊ានយកមកអនុវត្ត ក្នុងគ្រប់បរិបទនៃបរិស្ថានកិច្ចការពារអ្នកប្រើប្រាស់របស់ខ្លួន៕