(ភ្នំពេញ)៖ នេះជាកុមារឈ្មោះ កាក់ សុវណ្ណច្ឆ័យ អាយុ១៧ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល៨ខែ ប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារ រយៈពេលជាង៤ខែ ចំណែកឯទោសដែលនៅសល់ពីនេះ ត្រូវបានតុលាការសម្រេចព្យួរទោស ហើយប្រគល់ឲ្យអាណាព្យាបាលទទួលយកទៅអប់រំ ណែនាំ និងមើលការខុសត្រូវឲ្យបានល្អ។ នេះបើតាមការបញ្ជាក់ពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃសាលារាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១, ការសម្រេចរបស់តុលាការ គឺផ្អែកតាមច្បាប់នៃ ព្រះរាជណាចក្រកម្ពុជា និងបានគិតគូរពិចារណាយ៉ាងហ្មត់ចត់លើផលប្រយោជន៍អនីតិជន ដែលមានចែងក្នុងច្បាប់ ហើយទោសដែលបានសម្រេចផ្តន្តាទោសលើឈ្មោះ កាក់ សុវណ្ណច្ឆ័យ នេះដាក់ពន្ធនាគារដោយកំណត់ទណ្ឌកម្មត្រឹមតែពាក់កណ្តាលនៃទោស ដែលច្បាប់បានកំណត់ចំពោះនីតិជនប៉ុណ្ណោះ ហើយអនីតិជនរូបនេះ ក៏បានទទួលស្ថានអនុគ្រោះពីតុលាការ តាមរយៈការព្យួរទោសមួយផ្នែកផងដែរ និងប្រគល់ឲ្យអាណាព្យាបាលទទួលថែទាំ ព្រមទាំងអប់រំ ណែនាំ និងមើលការខុសត្រូវឲ្យបានល្អ។

ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងចេញពីពន្ធនាគារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ហើយបានបញ្ជាក់ជាមួយនឹងអ្នកកាសែតថា គាត់ទទួលស្គាល់កំហុសរបស់ខ្លួន ហើយការកាត់ទោសរបស់តុលាការ គឺអាចទទួលយកបាន។ ទន្ទឹមនឹងនេះ គាត់ក៏បានលើកឡើងអំពីការថែទាំនានានៅក្នុងមណ្ឌលឃុំខ្លួន ហើយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ពេទ្យ នៅពេលមានតម្រូវការផងដែរ។

លោក ជិន ម៉ាលីន បានថ្លែងអះអាងថា អ្នកនៅសង្គមនីតិរដ្ឋ, ការប្រព្រឹត្តខុសនឹងច្បាប់ ត្រូវមានការទទួលខុសត្រូវតាមផ្លូវច្បាប់។ យោងតាមច្បាប់របស់កម្ពុជា, ចំពោះអនីតិជន ដែលមានអាយុចាប់ពី១៤ឆ្នាំឡើងវិញ និងដែលបានប្រព្រឹត្តបទល្មើស, តុលាការត្រូវផ្តល់ស្ថានសម្រាលតាមច្បាប់ ជាពិសេសត្រូវកាត់បន្ថយទោសពាក់កណ្តាល នៃទោសដែលច្បាប់កំណត់ចំពោះនីតិជន ហើយតុលាការត្រូវពិចារណាផ្តល់ស្ថានអនុគ្រោះផ្សេងទៀត ដូចជាការសម្រេចនៅក្រៅឃុំជាបណ្តោះអាសន្ន ឬការព្យួរទោស ទៅតាមករណីនីមួយៗជាដើម។

ការអនុវត្តច្បាប់ចំពោះអំពើខុសច្បាប់ វាជារឿងធម្មតា និងពុំមែនជារឿងចម្លែកក្នុងសង្គមនីតិរដ្ឋនោះទេ ហើយវាក៏ជាការរួមចំណែកក្នុងការលើកកម្ពស់តម្លៃច្បាប់ ដែលជាគ្រឹះដ៏សំខាន់នៅក្នុងសង្គមនីតិរដ្ឋផងដែរ៕