(សៀមរាប)៖ លោក Benjamin Burckhart ប្រធានក្រុមការងារធនាគារពិភពលោក បានចុះបេសសកម្ម លើកទី៩ ដើម្បីត្រួតពិនិត្យ និងដើម្បីគាំទ្រការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ហៅថា(លាភ) នៅក្រុង-ស្រុក គោលដៅរបស់គម្រោង។ ក្នុងឱកាសនោះមានការចូលរួមពីលោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិ លោក សុខ ថុល ប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្តផងដែរ។

ក្នុងទស្សនកិច្ចពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែ វិច្ឆិកា កន្លងទៅ លោក Benjamin Burckhart បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារគម្រោងកន្លងមក ដោយក្រុមការងារ និងប្រជាពលរដ្ឋ ដែលជាសមាជិករបស់គម្រោងបានយកចិត្តទុកដាក់ និងអនុវត្តការងារតាមផែនការដែលបានគ្រោង ជាពិសេសសមិទ្ធផលដែលប្រជាពលរដ្ឋទាំងអស់ទទួលបានពីគម្រោងលាភ។

លោកក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានចំណាយពេលវេលាក្នុងការចុះធ្វើកិច្ចការងារនេះ ទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលក៏ដោយ។ ក្រុមការងារក៏បានណែនាំដល់មន្ត្រីគម្រោងតាមឃុំ សង្កាត់គោលដៅ បន្តការបណ្តុះបណ្តាលទៅអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមជួយខ្លួនឯង(ក្រុមសន្សំ) និងក្រុមផលិត ពីការអនុវត្តការងារឱ្យទទួលបាននូវភាពជោគជ័យបន្ថែមទៀត និងអនុវត្តសកម្មភាពគម្រោងអោយចំគោលដៅ និងត្រូវចេះចែករំលែកបទពិសោធន៍ការចិញ្ចឹមមាន់ ត្រី ទៅក្រុមដទៃទៀតដែរ។

គួររំលឹកដែរ ដំណើរចុះពិនិត្យគម្រោងនេះ ប្រធានក្រុមការងារពិភពលោក បានចុះត្រួតពិនិត្យក្រុមជួយខ្លួនឯង(ក្រុមសន្សំ) ក្រុមផលិត ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ការសាងសង់អណ្តូងស្នប់ដោយភ្ជាប់ប្រព័ន្ធសូឡា និងផែនការអាទិភាពសាងសង់រោងផលិតចំណីសត្វ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការអនុវត្តបន្តរបស់ក្រុមនីមួយៗផងដែរ៕