(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលប្រើប្រាស់រថយន្តជ្រកក្រោមស្លាកលេខខេមរភូមិន្ទ និងរថយន្តគ្មានពន្ធ និងអាករនាំចូល ត្រូវអនុវត្តឱ្យបានជាដាច់ខាតតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាល និងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាពិសេសត្រូវអនុវត្តឱ្យបានគ្រប់គ្នា នូវបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ការណែនាំបែបនេះ របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើឡើងនារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១ ផងដែរ។

ក្នុងកិច្ចប្រជុំនាពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្សព្វផ្សាយ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប សង្គ្រោះ សំដៅដល់ការពង្រឹងសន្តិសុខសង្គម រក្សាសណ្តាប់សាធារណៈ ជួយដល់ពលរដ្ឋទន់ខ្សោយ រួមនឹងការងារ ដែលត្រូវអនុវត្តមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានក្រើនរំឮកដល់សមាជិកទាំងអស់ ឱ្យបន្តចូលរួម បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានម៉ឹងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕