(ភ្នំពេញ)៖ យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» របស់ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានចាប់ផ្តើមដំណាក់កាលទី២ នៃការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន២០០០កេស ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក បណ្ឌិត អ៊ឹម សុធារិទ្ធ បានថ្លែងថា «មូលហេតុដែលយើងបន្តបរិច្ចាគដំណាក់កាលទី២ ដោយសារតែ ការបរិច្ចាគកន្លងមក ពិតជាជំនួយមួយផ្នែកដល់មន្ទីរពេទ្យ និងផ្តល់កម្លាំងចិត្តជាខ្លាំង ដល់ក្រុមគ្រូពេទ្យក្នុងដំណើរការទប់ស្កាត់ ការរីករាលដាល់ នៃជំងឺកូវីដ-១៩។ ម៉្យាងទៀត នេះគឺស្របទៅនឹងគោលតម្លៃរបស់ក្រុមហ៊ុនយើងក្នុងការបរិច្ចាគត្រឡប់ទៅសង្គមវិញ ពិសេសពេលសង្គមជួបការលំបាក»។

ដំណាក់កាលទី១ បានចាប់ផ្តើមកាលពីកក្កដា ឆ្នាំ២០២១ ហើយដំណាក់កាលទី២នេះ នឹងចាប់ផ្តើមដោយការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាសរុបចំនួន៤០០ កេស ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ចំនួន១០០ កេស មន្ទីរពេទ្យគន្ធបុប្ផា ចំនួន១០០កេស មណ្ឌលសុខភាព ជ្រោយចង្វារ ចំនួន១០០ កេស និងមណ្ឌលសុខភាព ឃ្មួញ ចំនួន ១០០ កេស។

ក្រុមហ៊ុននឹងបរិច្ចាគជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១៦បន្ថែមទៀតជាបន្តបន្ទាប់គ្នា រួមមាន៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន, មណ្ឌលសុខភាពផ្សារដើមថ្កូវ, មណ្ឌលសុខភាព ទួលគោក, មន្ទីពេទ្យបង្អែកចតុមុខ, មណ្ឌលសុខភាព សាមគ្គី, មណ្ឌលសុខភាព បឹងធំ, មណ្ឌលសុខភាពស្ទឹងមានជ័យ, មណ្ឌលសុខភាព ព្រៃវែង, មណ្ឌលសុខភាព ពញាពន់, មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ, មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩, មណ្ឌលសុខភាព ព្រែកឯង, មន្ទីរពេទ្យបង្អែកអង្គស្នួល និងមណ្ឌលសុខភាពចាក់អង្រែ៕