(កំពង់ចាម)៖ ក្រោយដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន អស់រយៈពេលជិត៨ខែ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ពីទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ បានសម្រេចនឹងបើកសម្ពោធដាក់ឱ្យប្រើជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសតំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណកា និងដឹកជញ្ជូន ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងមានការចូលរួមពីក្រុមហ៊ុនសាងសង់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ពិនិត្យមើលទីតាំង ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលអនុវត្តការងាររបស់ខ្លួន។

សូមបញ្ជាក់ថា ស្ពាននេះគឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យបានងាយស្រួល និងឆាប់រហ័ស ដែលកន្លងមកប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់តំបន់នេះតាមរយៈការឆ្លងសាឡាង ស្ពាននេះក៏ជាកន្លែងផ្តល់នូវសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹង ត្រង់-ក្រូចឆ្មារនេះ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាមទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ស្ពាននេះមានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង អាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក៕