(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចបដិសេធសំណើសុំចុះឈ្មោះ «គណបក្សបេះដូងជាតិ» ក្នុងបញ្ជីគណបក្សនយោបាយ និងសម្រេចដាក់ពាក្យបណ្តឹងប្តឹងតំណាងស្ថាបនិកគណបក្សនេះទៅតុលាការ ដើម្បីចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីស្រាវជ្រាវរកឃើញ ភាពទុច្ចរិតក្នុងការប្រមូលស្នាមេដៃកន្លងមក។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងការពិនិត្យ និងកោសល្យវិច័យលើស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិជាង៤ពាន់ស្នាមមេដៃ ក្រសួងមហាផ្ទៃ បានរកឃើញភាពពមិនប្រក្រតី ដូចជាស្នាមមេដៃរបស់ឈ្មោះបុគ្គលមួយចំនួនខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណបណ្ណ, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ផ្តិតលើឈ្មោះបុគ្គលដទៃ, ការក្លែងស្នាមមេដៃបុគ្គល, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងររបស់បុគ្គលចំនួន៥នាក់ ផ្តិតលើឈ្មោះបុគ្គលចំនួន២១នាក់ជាដើម។
លោកបានបញ្ជាក់បន្ថែមថា រូបភាពផ្តិតស្នាមមេដៃក្នុងបញ្ជីរាយនាមចូលជាសមាជិកគណបក្សបេះដូងជាតិ មានចេតនាទុច្ចរិតបង្កើនបរិមាណចំនួនសមាជិកច្រើន ដែលតម្រូវឱ្យក្រសួងត្រូវចាត់វិធានការ។
ក្រៅពីសម្រេចមិនចុះបញ្ជីឱ្យ «គណបក្សបេះដូងជាតិ» និងដាក់ពាក្យប្តឹងស្ថាបនិកបក្ស ក្រសួងមហាផ្ទៃ ក៏នឹងធ្វើការស្រាវជ្រាវបុគ្គល ដែលមានចេតនាទុច្ចរិតក្នុងការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតស្នាមមេដៃឱ្យខូចគុណភាព។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យ។
គណបក្សបេះដូងជាតិ ដែលមាន លោក សៀម ភ្លុក ជាតំណាងស្ថាបនិក បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅកាន់ក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០២១។ គណបក្សនេះ ត្រូវបានសារព័ត៌មានមួយចំនួនផ្សព្វផ្សាយថា បង្កើតឡើងដោយក្រុមរបស់ លោកសម រង្ស៉ី ខណៈដែលបក្សថ្មីមួយចំនួនបង្កើតឡើងដោយក្រុុមមនុស្សធ្លាប់ស្និទ្ធនឹង លោក កឹម សុខា។
ទោះជាយ៉ាងនេះក្តី ក្នុងដំណើរការរៀបចំឯកសារចុះបញ្ជី គណបក្សនេះ ធ្លាប់ត្រូវបានព្រមានដោយក្រសួងមហាផ្ទៃ២ដងរួចទៅហើយ ដោយសារតែ មិនកែសម្រួលលក្ខន្តិកៈរបស់ខ្លួន ឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងត្រូវបំពេញបន្ថែមនូវសំណុំឯកសារជូនក្រសួងមហាផ្ទៃ ឱ្យទាន់ពេលវេលា៕