(កណ្ដាល)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបន្តអញ្ជើញចូលរួម ក្នុងកម្មវិធីប្រកាសសុពលភាពក្រុមការងារ ចលនាយុជនចំនួន២ឃុំ គឺឃុំព្រែកតាមាក់ និងឃុំពុកឬស្សី និងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយពីផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អណាត្តិទី៥។

ក្នុងនោះក៏មានការចូលរួមពីលោក ប៊ុន ផេង ប្រធានគណបក្សស្រុក លោកអនុប្រធាន ប្រធានទទួលបន្ទុកយុវជនឃុំ និងយុវជនគណបក្សដែលត្រូវប្រកាសសមាសភាពទាំងពីរឃុំ សរុបប្រមាណ២៣០នាក់។

លោក កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនចំពោះបងប្អូនយុវជនទាំងអស់ ដែលមានវត្តមានក្នុងអង្គពិធី។ លោក កៅ ថាច បានណែនាំការងារមួយចំនួនដែលត្រូវធ្វើដូចមានកំណត់ចែង ក្នុងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត របស់ក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល។

លោកបានលើកយកនូវបទពិសោធន៍ល្អៗ ពាក់ព័ន្ធទៅហ្នឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដើម្បីជម្រាបជូនដល់បងប្អូន យុវជនអោយបានជ្រាប ព្រមជាមួយធ្វើការប្រៀបធៀបអំពីព្រឹត្តការណ៍ប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាឆ្លងកាត់ គិតចាប់ពីសម័យអាណានិគមបារាំងដាក់នឹមត្រួតត្រាលើកម្ពុជា និងសម័យកាលបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

លោក កៅ ថាច ក៏បានពន្យល់ពីសារៈសំខាន់នៃពាក្យ អរគុណសន្តិភាព ដើម្បីឲ្យបងប្អូនកាន់តែយល់ដឹងច្បាស់បន្ថែមទៀត និងបាន បន្តលើកទឹកចិត្តបងប្អូនយុវជនបក្សទាំងអស់ថា ក្រៅពីកាត្វកិច្ចជួយដល់ការងារបក្ស បងប្អូនយុវជនត្រូវចូលរួមកម្មវិធីសង្គមឲ្យច្រើន ជាពិសេសលើការងារសំអាតបរិស្ថាន ដាំដើមឈើនៅទីសាធារណៈ ដើម្បីធ្វើជាឧត្តមប្រយោជន៍ដល់សង្គមជាតិ និងជាគំរូល្អសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក កៅ ថាច បាននាំយកការឧបត្ថម្ភថវិកាមួយចំនួនពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់គណបក្សស្រុកខ្សាច់កណ្តាល សម្រាប់ចំណាយរៀបចំកម្មវិធី និងជូនយុវជនគណបក្សទាំងអស់ដែលមានវត្តមាន ដោយម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល៕