(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាសប្ដាហ៍ទី៥ហើយ សម្រាប់វគ្គសិក្សាស្តីពីការសរសេរព័ត៌មាន នៃមជ្ឈមណ្ឌលបណ្ដាល Fresh News ដែលហៅកាត់ថា FTC ហើយ។ សម្រាប់សប្ដាហ៍ទី៥នេះ FTC សិក្សាបន្តអំពីការសរសេរ Body (តួសេចក្តី) នៃអត្ថបទព័ត៌មាន។

ការសិក្សាពី Body នៅសប្ដាហ៍ទី៥នេះ បានធ្វើឡើងបន្តពីសប្ដាហ៍ទី៤ ដែលនិយាយអំពីការចាប់ Lead (តម្រុយ ឬសេចក្តីផ្តើម) ក៏ដូចជាប្រភេទ Lead។ ខណៈកាលពីសប្ដាហ៍ទី៣ ទី២ និងសប្ដាហ៍ទី១ កន្លងទៅយើងបានសិក្សាអំពីទ្រឹស្ដី News Value, ការថ្លឹង 5wh’s និង ការបែងចែកប្រភេទប្រភពជាដើម។

នៅក្នុងការសរសេរ Body នេះ លោកព្រឹទ្ធាចារ្យ ម៉ារ យ៉ារិទ្ធ បានពន្យល់អំពីលំដាប់លំដោយនៃការបញ្ចូលខ្លឹមសារដោយក្នុងនោះត្រូវមានការសរសេរពន្យល់ឱ្យកាន់តែច្បាស់អំពីតម្រុយ(Lead), ការផ្ដល់នូវសាវតានៃសាច់រឿង ក៏ដូចជាការបញ្ចូលនូវក្វូតរបស់ប្រភពបន្ថែម ឬរឿងរ៉ាវ ឯកសារណាដែលពាក់ព័ន្ធទៅនឹងប្រធានបទជាដើម។ ការសរសេរ Body (តួសេចក្ដី) នៃអត្ថបទព័ត៌មានមួយល្អ អាចជួយឲ្យ Lead និង Body នៃព័ត៌មានមានភាពស៊ីសង្វាក់គ្នា ជាពិសេសផ្ដល់ភាពទាក់ទាញដល់អ្នកអាន និងមានអត្ថន័យងាយស្រួលយល់ថែមទៀតផង។ បន្ថែមពីនេះ គឺត្រូវកាត់បន្ថយការសរសេរបញ្ចូលនូវសាច់រឿងណាដែលមិនមានជាប់ពាក់ព័ន្ធ ព្រមទាំងចាកប្រធានបទជាដើម។

សូមបញ្ជាក់ថា ថ្នាក់សិក្សារបស់ មជ្ឈមណ្ឌលបណ្ដាល Fresh News ដែលហៅកាត់ថា FTC ត្រូវបានបង្ហាត់បង្រៀនដោយព្រឹទ្ធាចារ្យ ម៉ារ យ៉ារិទ្ធ ដែលជាអ្នកជំនាញផ្នែកសារព័ត៌មានជាង៣ទសវត្សរ៍មកហើយ។ ថ្នាក់បណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមប្រមាណ៣០នាក់ ដែលជាបុគ្គលិកនៃអង្គភាព Fresh News ផ្ទាល់តែម្ដង។ ដោយការសិក្សានឹងធ្វើឡើងរយៈពេល៣ខែ ហើយសិក្ខាកាមទាំងអស់ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាពព័ត៌មាន Fresh News ហើយមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត។

មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាអ្នកបណ្តុះបណ្តាល និងប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

លោក ម៉ារ យ៉ារិទ្ធ ធ្លាប់ជាភ្នាក់ងារសារ ព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះព្រឹទ្ធាចារ្យដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក៕

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព៏ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ៖ 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬតេឡេក្រាម៖ 092 322 334