(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបកប្រែភាសាបរទេស នៃក្រសួងយុត្តិធម៌។

ក្នុងសេចក្តីសម្រេចក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, លោក កើត រិទ្ធ បានតែងតាំងលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តធម៌ ជាប្រធានក្រុមការងារ អមដោយអនុប្រធាន និងសមាជិកចំនួន១៤រូបបន្ថែមទៀត។

សម្រាប់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបកប្រែភាសាបរទេស ក៏ងត្រូវបានបែងចែកជាអនុក្រុមការងារចំនួនរួមមាន៖

ទី១៖ អនុក្រុមការងារទទួលបន្ទុកបកប្រែភាសាអង់គ្លេស
ទី២៖ អនុក្រុមការងារទទួលបន្ទុកបកប្រែភាសាបារាំង
ទី៣៖ អនុក្រុមការងារទទួលបន្ទុកបកប្រែភាសាចិន។

ក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបកប្រែភាសាបរទេសនៃក្រសួងយុត្តិធម៌ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

* ទទួលបន្ទុកជាអ្នកបកប្រែភាសាផ្ទាល់មាត់ជូនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំ និងជំនួបផ្សេងៗជាមួយភ្ញៀវ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ
* ធ្វើការបកប្រែឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតរដ្ឋបាល និងសេចក្តីប្រកាសព័ត៌មាននានា តាមការចាំបាច់ ទៅជាភាសាអង់គ្លេស បារាំង ចិន និងភាសារបរទេសផ្សេងទៀត បំពេញភារកិច្ចផ្សេងៗទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕