(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានលាតត្រដាងថា លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ មិនបានធ្វើការទូតច្រើនដូចអ្វី ដែលគាត់បានអួតនោះទេ ប៉ុន្តែទណ្ឌិតរូបនេះ ពូកែខ្លាំងខាងដើរប្រមូលស្រោមសំបុត្រប៉ុណ្ណោះ ដែលពេលនេះរកបានខ្ទង់លានដុល្លារ។
តាមរយៈបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ លោក មុត ចន្ថា បានគូសបញ្ជាក់ដូច្នេះថា៖ «លោក សម រង្ស៉ី មិនបានធ្វើការទូតច្រើនដូចគាត់ បានអួតទេ ប៉ុន្តែគាត់ពូកែខ្លាំងខាងដើរប្រជុំប្រមូលស្រោមសំបុត្រ និងបង្កើតព្រឹត្តិកាណ៍ និងកម្មវិធីប្រមូលលុយ»។
លោកបានបញ្ជាក់បន្តថា ការមូលលុយរបស់ លោកសម រង្ស៉ី ពីអ្នកគាំទ្របានធ្វើឡើងតាមរយៈ ផែនការមាតុភូមិនិវត្តន៍ លើកទី១ (៩វិច្ឆិកា២០១៩) ចំនួន៣០ម៉ឺនដុល្លារអាមេរិក, មាតុភូមិនិវត្តន៍ លើទី២ (០៤ ឧសភា ២០២១) ចំនួនជាង ២០ម៉ឺនដុល្លារ, លក់ប័ណ្ណនាឡិកាដៃ ម៉ាកកាស្យូ ជាង២៥ម៉ឺនដុល្លារ, បង្កើតចលនាសង្រ្គោះជាតិប្រមូលបានរាប់សែនដុល្លារ និង សន្និសីទពិភពនៃអ្នកគាំទ្រសង្រ្គោះជាតិប្រមូលបានលុយរាប់សិបម៉ឺនដុល្លារ។ល។
ការលើកឡើងរបស់មនុស្សជំនិតលោក កឹម សុខា ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានទៅកាន់សហរដ្ឋអាមេរិករយៈពេលជាង១ខែមកនេះ ដើម្បីជួបអ្នកគាំទ្រមួយចំនួន និងស្វែងរកការអន្តរគមន៍។
លោក មុត ចន្ថា បានបញ្ជាក់ដែរថា លោក សម រង្ស៉ី ទៅអាមេរិកលើកនេះ បានជួបយ៉ាងច្រើនត្រឹមតែតំណាងរាស្រ្ត០២រូប ប៉ុណ្ណោះ គឺលោក Alan LOWENTHAL និង លោក Steve CHABOT ក្រៅពីនោះដើរជួបអ្នកគាំទ្រ ដើម្បីប្រមូលស្រោមសំបុត្រ។ លោកថា «មានគេយល់ច្រឡំថា សមាជិកសភាតំណាងឱ្យរដ្ឋាភិបាលអាមេរិក ប៉ុន្តែតាមពិតមិនមែនដូច្នេះទេ»។
«ចំណែកមន្រ្តីរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលអឺរ៉ុប ក៏មិនឱ្យលោក សម រង្ស៉ី ជួបដូចគ្នា ដោយសារអំពើខុសច្បាប់ជាច្រើនរបស់គាត់ ដូចជាប្រកាសប្រើប្រាស់ កម្លាំងនិងហិង្សា ដើម្បីផ្តួលរំលំរដ្ឋាភិបាល ជាដើម។ សូម្បីតែមន្រ្តីរដ្ឋាភិបាលបារាំង និងប្រទេសបារាំងដែល លោក សម រង្ស៉ី កំពុងរស់នៅជាអចិន្រ្តៃយ៍ ក៏មិនអនុញ្ញាតឱ្យគាត់ជួបដែរ។ លោក ហុង លីម (Hong Lim) អតីតតំណាងរាស្រ្តអូស្រ្តាលី ដើមកំណើតខ្មែរ បានថ្លែងប្រាប់វិទ្យុបរទេសមួយ កាលពីពេលថ្មីៗនេះថា «លោក សម រង្ស៉ី មិនបានធ្វើអ្វីជួយសោះនៅប្រទេសបារាំង»។ នេះជាការបញ្ជាក់បន្ថែមទៀតរបស់ មនុស្សជំនិត លោក កឹម សុខា។
ជម្លោះផ្ទៃក្នុងក្រុមប្រឆាំង បានកើតឡើងបន្ទាប់ពីលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ។
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា កាលពីម្សិលមិញ ក៏បានបន្តចេញសារវាយប្រហារលោក សម រង្ស៊ី ទៀតហើយ ជាមួយការផ្តល់រហស្សនាមថា «ប្រធានសកម្មប្រមូលស្រោមសំបុត្រ»។ កញ្ញា កឹម មនោវិទ្យា បានសរសេរលើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី០៥ ខែធ្នូ នេះ ដោយរៀបរាប់ថា លោក សម រង្ស៊ី បានដឹកនាំក្រុមប្រឆាំងនៃអ្នកប្រជាធិបតេយ្យជាង២០ឆ្នាំ តែនៅពេលដែលលិទ្ធិប្រជាធិបតេយ្យ និងគណបក្សជួបគ្រោះថ្នាក់ គ្មានលទ្ធភាព និងសមត្ថភាពក្នុងការតស៊ូមតិ សូម្បីតែឥស្សរជនតំណាងផ្លូវការប្រទេសណាមួយ ក៏មិនដែលបានជួបផង។
ការចេញមុខវាយកបជាបន្តបន្ទាប់របស់ កូនស្រី និងមនុស្សជំនិតរបស់ លោក កឹម សុខា ត្រូវបានអ្នកវិភាគ និងមហាជនមើលឃើញថា ប្រាកដជាត្រូវបានបើកភ្លើងខៀវដោយ លោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស ដើម្បីវាយបកធ្ងន់ៗទៅកាន់ លោក សម រង្ស៉ី ដែលចង់ជាន់ពន្លិចលោក កឹម សុខា៕