(កំពង់ចាម)៖ ដោយសារមានការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត ទាក់ទងទៅនឹងបញ្ហាសំណង់សាងសង់ប៉ះពាល់លើដីចំណីផ្លូវ និងប៉ះពាល់ប្រឡាយទឹកស្ថិតនៅក្នុងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យមន្ត្រីអង្គភាពពាក់ព័ន្ធចុះដោះស្រាយបញ្ហានេះជាបន្ទាន់។

ចំណាត់ការខាងលើនេះ លោកអភិបាលខេត្ត បានលើកឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានលើកឡើងថា បញ្ហាការលោភលើដីចំណីផ្លូវ និងសំណង់ប៉ះពាល់ដីប្រឡាយទឹក ស្ថិតនៅក្នុងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់, លោក ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម ត្រូវដឹកនាំមន្ត្រីមន្ទីរពាក់ព័ន្ធចំនួន៤ ក្នុងនោះរួមមាន៖ មន្ទីររ៉ែនិងថាមពល, មន្ទីរធនធានទឹក និងតុនិយម, មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរសាធារណការ និងដឹកជញ្ជូន រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងធ្វើការដោះស្រាយតែម្ដង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ទន្ទឹមនឹងការដឹកនាំមន្រ្តីជំនាញ រួមជាមួយអាជ្ញាធរស្រុកចុះដោះស្រាយបញ្ហាខាងលើ ត្រូវហៅប្រជាពលរដ្ឋ ដែលបានសំណូមពរ ឲ្យពួកគាត់ចូលរួមផងដែរ ដើម្បីឆ្លើយតប និងធ្វើការដោះស្រាយបញ្ហាខាងលើភ្លាមៗនៅកន្លែងនោះតែម្ដង៕