(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់ទួលសង្កែទី១ នៃរដ្ឋបាលខណ្ឌឫស្សីកែវនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសបើកការដ្ឋានជាផ្លូវការចំពោះសមទ្ធិផលមួយចំនួន (៥គម្រោង) ដើម្បីធ្វើការស្ថាបនាដាក់លូ ស្តារលូ ជួសជុលអណ្តូងលូ ដោយប្រើប្រាស់មូលនិធិរដ្ឋបាលសង្កាត់ អស់ថវិកាសរុបចំនួន៤០១,៧៥០,០០០រៀល ជាមួយការជួសជុលបន្ថែមផ្លូវបេតុងអាមេ និងដាក់លូមូលថ្មី សរុបអស់ថវិកា ចំនួន ៨៤០,១៦៧,៥០០រៀលទៀត សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ។

ពិធីប្រកាសបើកការដ្ឋានជាផ្លូវការលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋនេះ បានរៀបចំធ្វើឡើង ក្រោមវត្តមានលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ និងរួមដំណើរដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យចំនុះរចនាសម្ព័ន្ធខណ្ឌ លោកស្រី រាជ ផាវឿន ចៅសង្កាត់-ចៅសង្កាត់រង ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន១០០នាក់។

លោក ឯក ឃុនដឿន ចំពោះការប្រកាសបើកការដ្ឋានជាផ្លូវការ មានចំនួន៥គម្រោង រួមមាន៖ ដាក់លូ១ខ្សែប្រវែង ៤០០ម៉ែត្រ ទំហំ ០,៨០ម ស្ថិតនៅភូមិផ្សារតូច និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។ ស្តារលូ២ខ្សែ ដោយខ្សែទី១ មានប្រវែង ៩៤០ម៉ែត្រ ទំហំ០,៨០ម ជួសជុលអណ្តូងលូចំនួន១២អណ្តូង ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងខ្សែទី២ មានប្រវែង ៥៨០ម៉ែត្រ ទំហំ០,៨០ម៉ែត្រ ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ដោយប្រើប្រាស់មូលនិធិរដ្ឋបាលខណ្ឌ២គម្រោង សរុបថវិកាអស់ ចំនួន៤៣៧,៤១៧,៥០០រៀល។

លោកអភិបាលខណ្ឌឫស្សីកែវបន្តថា ការដាក់លូមូលថ្មី មានប្រវែង១៨០ម៉ែត្រ ទំហំ០,៥០ម៉ែត្រ នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ជាមួយការដាក់លូមូលថ្មីបន្ថែម ប្រវែង៣៩៥ម៉ែត្រ ទំហំ០,៨០ម៉ែត្រ ស្ថិតនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ហើយនឹងការជួសជុលផ្លូវបេតុងអាមេ ដែលមានប្រវែង ៤២០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិបាក់ទូក និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ដោយប្រើប្រាស់មូលនិធិរដ្ឋបាលសង្កាត់៣គម្រោង សរុបថវិកាអស់ ចំនួន៤០១,៧៥០,០០០រៀល ដែលជាសមទ្ធិផលថ្មី សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ៕