(ត្បូងឃ្មុំ)៖ ក្នុងឆ្នាំនេះ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២១ ដែលបានរៀបចំឡើង ដោយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ត្រូវបានធ្វើឡើងនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តមេមត់ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាពបញ្ចប់អេដស៍ បញ្ចប់ជំងឺរាតត្បាតសកល»។

ពិធីនេះ ធ្វើឡើងដើម្បីជាការក្រើនរំលឹក ដល់ពិភពលោកថា សូម្បីតែនៅក្នុងអំឡុងពេលនៃការាតត្បាត ដោយមេរោគកូវីដ-១៩ ការប្រយុទ្ធនឹងមេរោគអេដស៍ គឺនៅតែជាប្រធានបទ ដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ នៃសុខភាពសាធារណៈសកល ពីព្រោះវានៅតែធ្វើឲ្យបាត់បង់អាយុជីវិត មនុស្សរាប់រយពាន់នាក់ ជារៀងរាល់ឆ្នាំ។

ទិវានេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អ្នកផ្ទុក និងរស់នៅជាមួយជំងឺអេដសន៍ និងអ្នកពាក់ព័ន្ធ។

នាឱកាសនោះ លោក កែវ វណ្ណៈ បានអានសារដ៏មានអត្ថន័យរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១។

លោកបន្តថា ការប្រារព្ធធ្វើទិវានេះឡើង គឺដើម្បីរំលឹកប្រជាពរដ្ឋដែលរស់នៅជាមួយអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងបន្តលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការធ្វើតេស្តឈាម ការបង្ការ និងការព្យាបាលជំងឺអេដស៍ និងដើម្បីស្វែងរកការគាំទ្របន្តក្នុងការប្រយុទ្ធដ៏សំខាន់នេះ។

លោក កែវ វណ្ណៈ បានបន្ដថា ប្រធានបទនេះ គឺបានបន្តបម្រើដល់ការដាស់តឿនថា ទោះជានៅអំឡុងការឆ្លងរាតត្បាតនៃជំងឺ COVID-19 ក៏ដោយ ពិភពលោក ក៏ដូចជារដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឬ ហ៊ីវ (HIV) ដែលជាជំងឺឆ្លងមួយ បានឆ្លងរាលដាលអស់រយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ ។

បើតាមលោក វង វ៉ាន់នី ចំពោះអំណោយដែលសាខាកាកបាទកម្ពុជាខេត្ត នាំយកទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលរស់នៅជាមួយអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ មានចំនួន ១០៥ គ្រួសារ ដោយមួយគ្រួសារៗ ទទួលបានរួមមាន ៖ អង្ក ២៥ គីឡូក្រាម/ ទឹកត្រី១យួរ/ ទឹកស៊ីអ៊ីវ១យួរ/ ត្រីខ១យួរ/ ប្រេងឆាចំណុះ១លីត្រ ចំនួន១ដប/ ជែលសម្លាប់មេរោគ១ដប/ មីខ្លាឃ្មុំ១កេស និងថវិកាចំនួន២ម៉ឺនរៀល៕