(ភ្នំពេញ)៖ លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ប្រជាពលរដ្ឋដែលមានយានយន្ត ចូលរួមប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង ដែលបានរៀបចំកន្លែងផ្ដល់សេវាសាធារណៈដើម្បីបង្កភាពងាយស្រួល និងឆាប់រហ័សដល់ ប្រជាពលរដ្ឋ ជាច្រើនកន្លែង ហើយកុំប្រើប្រាស់សេវាក្រៅផ្លូវការដែលនាំឱ្យខាតបង់ថវិកាច្រើន។

លោក ឈួន វ៉ន់ បានលើកឡើងដូចនេះនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យមជ្ឈមណ្ឌលផ្តល់សេវាសាធារណៈដឹកជញ្ជូន ផ្លូវគោក ដោយមានការចូលរួមពីលោក ទេស តារារ័ត្ន ប្រធានមណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ នៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណ: និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធពីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទ។

ការចុះពិនិត្យនេះធ្វើឡើងនៅទីតាំងផ្តល់សេវាសាធារណៈរួមមាន៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ផ្សារទំនើបអ៊ីនអន១ និងអ៊ីនអន២ ផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះបឹងបៃតង(HK) និងឬស្សីកែវ (CMVIC)។

លោក ឈួន វ៉ន់ បានបន្ថែមថា ដើម្បីរៀបចំមណ្ឌលផ្តល់សេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ឱ្យបានកាន់តែងាយស្រួល ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ក្រសួងសាធារណការ ក៏បានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាសាធារណៈផ្សេងទៀត ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណៈ ឱ្យស្របទៅ នឹងបច្ចុប្បន្នភាពនៃបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០ ឬ ឌីជីថលភាវូបនីយកម្ម (Digitalization)។

លោកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក៏បានបញ្ជាក់ទៀត ក្រសួងនឹងបន្តរៀបចំមណ្ឌលផ្តល់សេវាសាធារណៈឱ្យបានច្រើនបន្ថែមទៀត ទាំងនៅក្នុងរាជធានីភ្នំពេញ និងបន្តនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីបង្ខិតសេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ ស្របតាមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការ រៀបចំមណ្ឌលផ្តល់សេវាសាធារណៈនិងប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាសាធារណៈ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សំដៅជំរុញការផ្ដល់សេវា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគ្មានការចំណាយក្រៅផ្លូវការ។

ជាមួយគ្នានោះលោក ឈួន វ៉ន់ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួ ជាមួយក្រសួងក្នុងការអនុវត្តច្បាប់ ទោះបីជាស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ធ្វើឱ្យកម្ពុជា ទទួលរងនូវផលប៉ះពាល់យ៉ាងណាក៏ដោយ ក៏ការទៅទទួលសេវាសាធារណៈនៅតាមមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មិនមានការថយ ចុះនោះឡើយ៕