(ត្បូងឃ្មុំ)៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាកសាងទីកន្លែងព្រះសង្ឃប្រសូត្រ ធ្វើអំពីស្ពាន់ និងមាសនៅវត្តសាមគ្គីសុខារាម ហៅត្តច្រករំដេង ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងទៅកាន់លោកតាលោកយាយ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋថា «ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ កំពុងកសាងលើគ្រប់វិស័យ ពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»

លោកអភិបាលខេត្ត បញ្ជាក់ថា បច្ចុប្បន្ននេះព្រះសង្ឃលោកអាចារ្យគណៈកម្មការវត្តច្រករំដេង បានឯកភាពគ្នា ជាវដីពង្រីកទីធ្លាវត្ត និងចាប់ផ្ដើមកសាងទីបូជណីយដ្ឋានកន្លែងព្រអង្គប្រសូត្រសម្រាប់តម្កល់រូវបដិមាព្រះអង្គប្រសូត្រ កម្ពស់សរុប១៧ម៉ែត្រ ក្នុងនោះ ធ្វើអំពីស្ពាន់កម្ពស់៤ម៉ែត្រ ៣តឹក ផ្កាឈូកទ្រព្រះអង្គ៧ជាន់ កំពស់៥ម៉ែត្រ ខឿន៣ជាន់ កម្ពស់៧ម៉ែត្រ ៥តឹក។

ការកសាងបដិមាព្រះអង្គប្រសូត្រនេះលោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន បានប្រគេនបច្ច័យចំនួន៤លានរៀល និងបានចែកអាវរងារជូនលោកតាលោកយាយផងដែរ៕