(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ អមដំណើរដោយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនពលរដ្ឋ៣គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យនៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៩៖១០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយសារតែឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យផ្ទះឈើ៣ខ្នង (១ខ្នងប្រក់សង្កសី ទំហំ ៥ម×៦ម និង ២ខ្នងទៀត ប្រក់ក្បឿង ទំហំ៧ម×១៥ម) ត្រូវភ្លើងឆាបឆេះ ផ្តើមពីផ្ទះកណ្តាល ហើយឆេះរាលដាលផ្ទះសងខាងបន្តបន្ទាប់គ្នា ខូចខាតអស់ទាំងស្រុង។

ទន្ទឹមនឹងនេះដែរលោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិអស់គ្មានសល់។

លោកប្រធានសាខា បានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរបារម្ភអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំងជនរងគ្រោះ ជនងាយរងគ្រោះដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលាតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនទាំង៣គ្រួសារក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គក្រ, មីជាតិ២កេស, ត្រីខ២យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ឃីត (មុង ភួយ សារុង ក្រម៉ា) ១កញ្ចប់, តង់១, អាវយឺត៨, សម្ភារផ្ទះបាយ ១ សម្រាប់ព្រមទាំងថវិកាចំនួន ១,០០០,០០០ រៀលផងដែរ៕