(ភ្នំពេញ)៖ «អប្សរាពេញអង្គទ្រង់ខ្ពង់ខ្ពស់ ទុជ៌នទុយ៌សបន្លំប្រាណ តាំងខ្លួនឧត្តមចិត្តសាមាន សារជាតិសន្តានដូចផ្លែល្វា»។ នេះគឺជាកំណាព្យមួយឃ្លា របស់លោកបណ្ឌិត ហ៉ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រតិកម្មនឹងកញ្ញា សេង ធារី ដែលតែងខ្លួនជាអប្សរាមិនត្រឹមត្រូវតាមក្បួនខ្នាត។

តាមរយៈ Facebook ផ្លូវការ គឺមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានបញ្ជាក់ថា «តាមវចនានុក្រមខ្មែររៀបរៀងដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ “អប្សរា” ដូចគ្នានឹង “អច្ឆរា” “ស្រីអប្សរា” ដែលមានន័យថា ស្រីមានសម្បុរថ្លាស្រស់ផូរផង់ ឬស្រីមានមុខថ្លាស្រស់បំព្រង។ រូបចម្លាក់រាប់រយជាទេពអប្សរ អប្សរាសម្តែងកាយវិការ នាដកម្មស័ក្តិសមគ្មានពីរនៅអង្គរនោះ គឺជាប្រភពនៃការបង្កើតរបាំអប្សរា។ ចំពោះអប្សរាដែលជារបាំតន្ត្រីខ្មែរ ទាំងសម្លៀកបំពាក់ ទាំងគ្រឿងអលង្ការ ទាំងកាយវិការរាំ សុទ្ធសឹងតាមលំនាំចម្លាក់អប្សរា»

លោកបន្តថា របាំអប្សរាត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ១៩៦០ ដោយស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី ស៉ីសុវត្តិ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា ហើយសម្តេចព្រះរាម នរោត្តម បុប្ផាទេវី ជាតួឯកអប្សរាទី១។ ប្រជាពលរដ្ឋខ្មែរបានស្គាល់ពីរបាំអប្សរាថា ជារបាំព្រះរាជទ្រព្យ និងចាត់ទុកជាសម្បត្តិបេតិកភណ្ឌរបស់ជាតិមួយ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះបានលើកតម្កើងកិត្តិយសវប្បធម៌ អារិយ្យធម៌ប្រទេសជាតិលើកឆាកជាតិនិងអន្តរជាតិ។

បណ្ឌិត ហ៉ឺ វីរៈ បានបន្ថែមថា «បើយើងសង្កេតឱ្យហ្មត់ចត់ទៅលើទម្រង់នៃការស្លៀកពាក់របស់នាង សេង ធារី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ពិតណាស់វាមិនស័ក្តិសមពេញគ្រប់ទម្រង់ដើម នៃការស្លៀកពាក់របស់អប្សរាដែលបានចារឹកតាមប្រាសាទនានា និងទម្រង់នៃអប្សរាដែលបានសម្តែងពីវប្បធម៌ខ្មែរជូនជាតិនិងអន្តរជាតិកន្លងមកនោះទេ។ វាហាក់ដូចព្យាយាមចម្លង ដូចកន្លងមក យើងឃើញប្រទេសជិតខាងព្យាយាមចម្លងវប្បធម៌ខ្មែរក្លាយជារបស់គេ ប្រៀបបានទៅនឹងបីសាចដែលចង់សម្តែងរូបបង្ហាញថា ជាអប្សរបំភ័ន្តភ្នែកមហាជន ឱ្យមានការយល់ច្រលំក្នុងចេតនាទាញយកផលប្រយោជន៍សម្រាប់ខ្លួនឯង និងតាំងខ្លួនជាមនុស្សល្អ។ កត្តានេះ បើគិតឱ្យដល់ទៅហាក់បីដូចនាងធ្វើដើម្បីបំផ្លាញ ជាន់ឈ្លីវប្បធម៌ខ្មែរ ដោយការបង្ហាញរូបភាពមិនល្អទៅក្រៅតាមគ្រប់រូបភាពធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រជាជាតិនៃប្រទេសកម្ពុជាទាំងមូល»

«សូមប្រជាជនខ្មែរទាំងអស់ជ្រាបថា អព្ភន្តរញាណកើតឡើងហើយត្រឹមឃើញសម្បកខាងក្រៅមិនអាចវាយតម្លៃភ្លាមៗបាននោះទេ យើងត្រូវធ្វើការពិចារណាប្រកបដោយវិចារណញ្ញាណឱ្យបានត្រឹមត្រូវ ព្រោះមនុស្សសព្វថ្ងៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួន លែងខ្វល់ពីអ្វីដែលខ្លួនបានធ្វើ ហើយអាចបណ្តាលឱ្យអាប់ឱនដល់វប្បធម៌ជាតិ និងប្រទេសខ្លួនឡើយ។ ចំពោះនាង សេង ធារី អ្វីដែលគាត់បានធ្វើដូចជា កោរសក់ ធ្វើឆ្កួតធ្វើជា យំសោកធ្វើដូចជាកាន់ទុក្ខ ទាញសម្លៀកបំពាក់មកដាក់លើខ្លួន ហើយតាំងខ្លួនថាជាអ្នកនេះអ្នកនោះ វាមិនខុសពីអ្នកកោរសក់ ស្លៀកស្បង់ បន្លំជាអ្នកបួសដើររៃអង្គាសតាមផ្លូវបោកប្រាស់ប្រជាជនហើយតាំងខ្លួនថាជាអ្នកមានសីលបរិសុទ្ធនោះទេ»។ នេះបើតាម បណ្ឌិត ហ៉ឺ វីរៈ។

ដូចអ្វីដែលបានរៀបរាប់មកខាងលើ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប រដ្ឋលេខាធិការក្រសួងវប្បធម៌រូបនេះ ក៏បានថ្កោលទោសយ៉ាងដាច់អហង្កា និងស្នើសុំដល់ស្ថាប័នមានសមត្ថកិច្ច ជួយចាត់វិធានការទៅលើបុគ្គលទាំងឡាយណា ដែលមានចេតនា ឬអចេតនាក្តី ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់វប្បធម៌ជាតិខ្មែរ ដើម្បីផលប្រយោជន៍បុគ្គលខ្លួនឯងនិងតតិយជន។

ក្នុងន័យសម្តៅទៅកញ្ញា សេង ធារី, បណ្ឌិត ហ៉ឺ វីរៈ សង្កត់ធ្ងន់ៗថា «ប្រជាជនខ្មែរមិនស្វាគមន៍មនុស្សដូចនាងមករស់នៅលើទឹកដីខ្មែរហើយ មិនបានសងគុណចំពោះដែនដីកំណើត ថែមទាំងបានបំផ្លាញ និងធ្វើឱ្យបរទេសមើលងាយវប្បធម៌ជាតិបាននោះឡើយ»

សូមជម្រាបថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កញ្ញា សេង ធារី គឺជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គលជាច្រើនរូបទៀត ដែលជាអ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ត្រូវបានតុលាការបើកសវនាការ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» របស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់។

នៅថ្ងៃបើកសវនាការ គឺនាងបានកោរសក់ និងស្លៀកពាក់ជាតួអង្គអប្សរា ដែលរូបភាពនេះ ត្រូវបានប្រជាពលរដ្ឋកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះអំពើជាន់ឈ្លីវប្បធម៌ខ្មែរ ពីបុគ្គលមានសញ្ជាតិអាមេរិកកាំងមួយនេះ៕