(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោយពួកគេលួចម៉ូតូ១គ្រឿងបានសម្រេចហើយជិះគេចខ្លួន ឆ្លងកាត់តាមគោលដៅ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកមួយកន្លែងស្ថិតនៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខសួនវឌ្ឍនៈ២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១។

នគរបាលបានប្រាប់ឲ្យភ្នាក់ងារអង្គភាព Fresh News ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនទី១ឈ្មោះ ឡៅ ឆាយ អាយុ២០ឆ្នាំ មានស្រុកកំណើតភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ និងឈ្មោះ ចាន់ តូច អាយុ១៩ឆ្នាំ ស្រុកកំណើតនៅភូមិព្រឹក្សាទី១ ឃុំស្មោងខាងត្បូង ស្រុងកំចាយមារ ខេត្តព្រៃវែង។

នគរបាលបានប្រាប់ទៀតថា នៅវេលាព្រឹកនោះ ខណៈកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ កំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខសួនវឌ្ឍនៈ២ ក៏បានឃើញជនសង្ស័យទាំង២នាក់ ជិះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1I-0480 អត់កញ្ចក់ឌុបគ្នា ព្រមទាំងអត់ពាក់មួកសុវត្ថិភាពថែមទៀតផង។

នគរបាលបានបញ្ជាក់ទៀតថា ពេលនោះកម្លាំងបានឃាត់សួររកឯកសារតែអត់មានទាំងអស់ ទើបឈានដល់ការឆែកឆេរហើយរកឃើញឧបករណ៍កាច់កម៉ូតូមួយចំនួន។ បន្ទាប់មកជនសង្ស័យបានសារភាពថា ម៉ូតូនេះខ្លួនទើបលួចបានពីក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ហើយជិះគេចខ្លួនក៏ត្រូវនគរបាលឃាត់ខ្លួនតែម្ដង៕