(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចំាការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រដ្ឋាភិបាល នឹងបន្ដពង្រីកសកម្មភាព គាំទ្រទៅដល់សហគ្រិន ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក វង្សី វិស្សុត ជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព អញ្ជើញចូលរួមប្រគល់ ពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២១ នាចុងសប្តាហ៍កន្លងទៅនេះ។

លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋគាំទ្រ ខ្ញុំចង់បញ្ជាក់ថា រដ្ឋាភិបាលនឹងបន្ដពង្រឹកសកម្មភាព គាំទ្រទៅដល់សហគ្រិន ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពីមួយថ្ងៃទៅថ្ងៃ»

លោក វង្សី វិស្សុត បានលើកឡើងថា រដ្ឋាភិបាល ចាប់ផ្ដើមគាំទ្រ ដោយសកម្មភាពជាក់ស្ដែង ទៅដល់សហគ្រិន ហើយជំរុញឲ្យសហគ្រិនទាំងអស់ ត្រូវតែចាប់ផ្ដើមធ្វើបណ្ដើរ និងរៀនបណ្ដើរ ទៅតាមបរិក្ខារប្រទេសកម្ពុជា។

បន្ថែមពីនោះទៀត លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ការចាប់ផ្ដើមបែបនេះ ក្នុងគោលដៅកសាងកម្លាំង អ្នករកស៊ីឲ្យខ្លាំង ទៅជាកម្លាំងចលកររបស់ជាតិ ដែលជាកម្លាំងវិស័យឯកជនមួយ ដែលមានសមត្ថភាពទ្រទ្រង់ចីរភាពកំណើនសេដ្ឋកិច្ច និងបង្កើតការងារ។

មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រូបនេះ បានឲ្យដឹងទៀតថា សព្វថ្ងៃនេះ ៩០ភាគរយនៃសេដ្ឋកិច្ចជាតិ ក្នុងប្រទេសកម្ពុជា គឺចេញពី SMEs។ លោកថា កុំគិតថា SMEs តូច ដោយតូចមែនប៉ុន្ដែច្រើន ហើយកុំគិតថា តូចនៅតែតូច។

លោក វង្សី វិស្សុត បានបន្ថែមថា គោលដៅរបស់រាជរដ្ឋាភិបាល គឺចង់ឲ្យ SMEs ពីតូចទៅមធ្យម និងពីមធ្យមទៅធំ ហើយបើអាចកាន់តែធំទៀតនោះ រដ្ឋាភិបាល នឹងគាំទ្របន្ថែមទៀត ព្រោះមិនចង់ឲ្យ SMEs នៅតែជា SMEs មួយជីវិតនោះទេ។

ទន្ទឹមគ្នានោះ លោក វង្សី វិស្សុត បានបញ្ជាក់ថា ប្រទេសប្រែប្រួល ហើយបច្ចេកទេសប្រែប្រួល ដូច្នេះមើលមិនដឹងនោះទេ ដោយធំខ្លះអាចដួល និងតូចខ្លះអាចរីក ទៅធំវិញក៏ថាបាន គឺមើលមិនដឹងនោះទេ ដូច្នេះ SMEs ទាំងអស់ សូមកុំបោះបង់មហិច្ឆតា ដែលចង់ធំ និងចង់មានឲ្យសោះ។

លោក វង្សី វិស្សុត បានឲ្យដឹងផងដែរថា ជាយុទ្ធនាការរបស់រដ្ឋាភិបាល មិនមែនដើរតួរជាស្នួលនោះទេ គឺដើរតួរជាអ្នកប្រមែលប្រមូល ដូច្នេះ SMEs ទាំងអស់ កុំគិតថា រដ្ឋចិញ្ចឹមយើងរហូតនោះឡើយ៕