(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រោយការប្រកាសបើកប្រទេសឡើងវិញ បច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជា បានចាប់ផ្តើមងើបឡើងវិញហើយ ដោយសារតែកម្ពុជាគ្រប់គ្រងការរីករាលជំងឺកូវីដ១៩បានល្អ បើទោះបីកូវីដ១៩ នៅបន្តគំរាមកំហែងក៏ដោយ។

ថ្លែងក្នុងកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ នាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានជោគជ័យ ក្នុងការគ្រប់គ្រងកូវីដ ត្បិតតែកូវីដវានៅបន្តគំរាមកំហែង វានៅតែបង្កើតភាពមិនប្រាកដប្រជា ប៉ុន្តែយើងកំពុងបើកឡើងវិញ ហើយសម្តេចតេជោ គាត់បានប្រកាស បើសិនជាអាប្រភេទថ្មី វាអត់គ្រោះថ្នាក់អីទេ យើងប្រាកដជាស្ថិតក្នុងដំណាក់កាល ដែលកំពុងចាក់ចេញពីវិបត្តិកូវីដហើយ ហើយមែនវិស័យសេដ្ឋកិច្ច ឥឡូវស្ទះឡានវិញហើយ»។

លោកបន្តថា «បើសកម្មភាពនាំចេញឥឡូវនេះ កម្មករធ្វើការទាំងយប់ វេនយប់ធ្វើការបន្ថែមម៉ោង ដេរមិនទាន់ (កាត់ដេរ ស្បែកជើង ខោអាវ )។ យើងនៅវិស័យទេសចរណ៍អន្តរជាតិមួយ ដែលយើងប៉ះខ្លាំងងើបមិនទាន់រួច ហើយ SME នេះឯង វាមិនទាន់ដូចដើម ប៉ុន្តែជាសេដ្ឋកិច្ចវាចាប់ផ្តើមងើបឡើងវិញ ដោយសារយើងគ្រប់គ្រងបានល្អ ហើយសម្រាប់បរទេស ភ្ញាក់ផ្អើលថា ប្រទេសស្រាប់តែធ្វើបានល្អ ដូចជាមិនដែលក្នុងការគិតរបស់គេសោះ»

លោកបន្ថែមថា កម្ពុជាមានប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំបានល្អ មានសមត្ថភាពក្នុងការគ្រប់គ្រង ទាំងការរកវ៉ាក់សាំង មកចាក់ឱ្យពលរដ្ឋដែលរហូតមកដល់ពេលនេះជាង៩០% និងការព្យាបាល ដោយរាជរដ្ឋាភិបាលបានបញ្ជាទិញថ្នាំសម្រាប់ទុកព្យាបាល ដល់ពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ផងដែរ។

លោកថា ប្រសិនបើរាជរដ្ឋាភិបាលមិនអន្តរាគមន៍ជួយដល់ពលរដ្ឋ និងសេដ្ឋកិច្ចបានទាន់ពេលវេលាទេនោះ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះកាន់តែខ្លាំងអាចរហូតដល់៦% ព្រមទាំងធ្វើឱ្យភាពក្រីក្រកើនឡើងទ្វេមួយជាពីរផងដែរ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចនេះ នឹងក្លាយជាឱកាសសម្រាប់សហគ្រិននៅកម្ពុជា ដើម្បីចាប់យកឱ្យស្វែងរកដៃគូពង្រីកអាជីវកម្មរបស់ខ្លួន ក៏ដូចជាពង្រឹងសមត្ថភាពរបស់ខ្លួនផង ស្របពេលដែលរដ្ឋាភិបាលផ្តល់សេវាគាំទ្រច្រើនជាងមុន៕