(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រើ និងអនុវត្តនីតិវិធីក្តៅដោយចាត់តាំងឱ្យលោក សេង សេរីបុត្រ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់កងកម្លាំង ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះរុះរើរបង និងកាយយកអាចម៍ដីចេញក្នុងករណីដែលបុគ្គលឈ្មោះ អេង សុខហេង ចាក់ដីលើចំណីព្រែក និងចូលព្រែកក្បាលរមាស ព្រមទាំងបានសង់សំណង់រឹងលើដីចំណីព្រែក និងដីព្រែកទៀតផង ស្ថិតនៅចំណុចស្ពានក្បាលរមាស ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ប្រតិបត្តិការចុះអនុវត្តនីតិវិធីខាងលើនេះ លោក សេង សេរីបុត្រ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «ចំពោះដីទីតាំងដែលក្រុមការងារកំពុងធ្វើសកម្មភាពអនុវត្តរុះរើ និងកាយយកអាចម៍ដីចេញពីដីចំណីព្រែក ខាងលើនោះនៅថ្ងៃនេះជាលើកទី៣ហើយ។ ដីទីតាំងដែលកំពុងអនុវត្តនេះ គឺរដ្ឋបាលមូលដ្ឋានបានជូនដំណឹងជាច្រើនដងចប់សព្វគ្រប់ហើយផងដែរ ហើយថ្ងៃឱសានវាទចុងក្រោយនេះគឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ ក្រោយអនុវត្តទីតាំងនេះរួច រដ្ឋបាលខេត្តនឹងបន្តអនុវត្តបណ្តើរៗទីតាំងដទៃទៀត»

ដោយឡែក ករណីរំលោភលើដីចំណីសាធារណៈរបស់រដ្ឋ ក្រោយពីអនុវត្តទីតាំងនេះរួចហើយ រដ្ឋបាលខេត្តនឹងធ្វើការជូនដំណឹងចំពោះអ្នកពាក់ព័ន្ធបទល្មើស ដោយជូនដំណឹងដល់ម្ចាស់ជាថ្មីម្តងទៀត។

លោក សេង សេរីបុត្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងសាងសង់លើដីសាធារណៈរបស់រដ្ឋ សូមឱ្យផ្អាក និងបញ្ឈប់សកម្មភាពជាបន្ទាន់ពីព្រោះជាដីរបស់រដ្ឋ យើងត្រូវរក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនអាចធ្វើជាទ្រព្យសម្បត្តិបុគ្គលផ្ទាល់ខ្លួនបានទេ។ សូមបងប្អូនជៀសវាងការខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើន ដូច្នេះសូមបងប្អូនផ្អាក ក្នុងការសាងសង់បំពានលើដីសាធារណៈរបស់រដ្ឋតទៅទៀតចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា រដ្ឋបាលស្រុកទឹកឈូ បានចេញលិខិតណែនាំលើកទី៤ តម្រូវឱ្យលោក អេង សុខហេង រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត រុះរើរបង និងកាយអាចម៍ដី ដែលបានចាក់ រំលោភលើដីចំណីព្រែក និងចូលព្រែកនៅលើទីតាំងដែលកំពុងអនុវត្តខាងលើ តាមការស្ម័គ្រចិត្ត និងបានទុកពេលវេលាឲ្យយ៉ាងយូរត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ តែត្រូវបានខកខានដោយសារមានភ្ញៀវធ្លាក់៕