(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិក ដែលរស់នៅរដ្ឋអូរីហ្គិន បានប្រតិកម្មយ៉ាងខ្លាំងទៅកាន់ទណ្ឌិត សម រង្សី មេចលនាឧទ្ទាមក្រៅច្បាប់ រឿងព្រមានដកសញ្ជាតិអាមេរិក ព្រោះការគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ពួកគាត់ បានអះអាងដូចៗគ្នាថា អាមេរិកដកហូតសញ្ជាតិ តែលើបុគ្គលណា ដែលធ្វើខុសច្បាប់តែប៉ុណ្ណោះ។

ការប្រតិកម្មនេះបានកើតមានក្រោយពេលទណ្ឌិត សម រង្ស៉ី បានព្រមានពីការស្នើរដ្ឋាភិបាលអាមេរិក ឲ្យដកសញ្ជាតិពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិករូបណា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរទៅកាន់ប្រទេសអាមេរិកកាលពីពេលថ្មីៗនេះ។ លោក សានី ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូប ដែលរស់នៅអាមេរិកជាង ២០ឆ្នាំហើយនោះ បានសម្តែងការសោកស្តាយ ចំពោះការប្រើពាក្យបំភ្លៃ របស់ទណ្ឌិត សម រង្ស៉ី។

លោកគិតថា មូលហេតុដែលទណ្ឌិត សម រង្ស៉ី បំភ្លៃបែបនេះដោយសារតែគាត់មកអាមេរិកនេះច្រើនដងពេក ហើយរកលុយមិនបាន អញ្ចឹងមានតែការបន្លាចប្រជាជនរស់នៅស្រុកអាមេរិក ដើម្បីកុំឲ្យគាំទ្ររាជរដ្ឋាភិបាល។ កាលពីមុនទណ្ឌិត សម រង្ស៉ី រកលុយបានច្រើនព្រោះពលរដ្ឋនៅអាមេរិកមានជំនឿ ដែលឥឡូវពលរដ្ឋអស់ជំនឿ លើបុគ្គលខូចរូបនេះទៀតហើយ។ លោក សានី ថ្លែងបញ្ជាក់ថា «ព្រោះគាត់មកពេលណា ក៏ដូចពេលណាដែរ តែងតែកៀរគរលុយបានច្រើន។ ឥឡូវ (តាំងពីពលរដ្ឋ) អស់ជំនឿលើគាត់ អញ្ចឹងគាត់មានតែរកវិធីមួយ ដើម្បីបន្លាចប្រជាជន»

លោកថ្លែងបន្ថែមថា «ខ្ញុំអត់មានធ្វើអ្វីខុស ខ្ញុំអត់មានភ័យបារម្ភថា នឹងត្រូវគេដកសញ្ជាតិទេ។ អ្វីដែលទណ្ឌិត សម រង្ស៉ី បាននិយាយនោះ គ្រាន់តែចង់បន្លាចប្រជាជន ដែលរស់នៅអាមេរិក ដែលគាំទ្ររាជរដ្ឋាភិបាល (ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន)»។ ស្របពេលជាមួយនេះ លោក សំអុន បានលើកឡើងដែរថា មុននឹងចូលសញ្ជាតិអាមេរិកាំង ពួកគាត់បានរៀនច្បាប់គេអស់ហើយ។ អាមេរិក ហាមតែពលរដ្ឋគាំទ្រប្រទេសណា ដែលជាប្រទេសប្រឆាំង និងជាសត្រូវរបស់អាមេរិកតែប៉ុណ្ណោះ។

លោកដាក់សំណួរថា «ចុះបើយើងគាំទ្រ ប្រទេសកម្ពុជា ជាប្រទេសខ្លួនយើង ជាប្រទេសមិត្តដ៏ល្អរបស់អាមេរិក តើយើងមានគាំទ្រប្រទេស ដែលជាសត្រូវនឹងអាមេរិកឯណា? យើងខ្ញុំទាំងអស់គ្នាយល់ច្បាប់ របស់អាមេរិកច្បាស់ គឺថាមិនមែនចេះតែតាមពាក្យខ្លួន (សម រង្ស៉ី) បន្លាចប្រជាពលរដ្ឋខ្មែរ សញ្ជាតិអាមេរិកាំង ឲ្យគាំទ្រខ្លួននោះ ខ្ញុំអត់ជឿទេ»។ លោក សំអុន ក៏បានសំណូមពរប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិអាមេរិក កុំមានការភ័យព្រួយ រឿងដកសញ្ជាតិនោះ ពោលអាមេរិក នឹងមិនធ្វើបែបនោះទេ ហើយការកុហករបស់ទណ្ឌិត សម រង្ស៉ី ក៏គ្មានឥទ្ធិពលអ្វីទៀតដែរ។

ចំណែកឯលោក វុទ្ធី បានចាត់ទុកថា ទណ្ឌិត សម រង្ស៉ី ជាមនុស្សម្នាក់ ដែលពូកែបោកប្រាស់គេ ភូតកុហក បំប៉ោង និងបន្លើសបញ្ហាទាំងអស់។ លោកថ្លែងដោយមានទំនុកចិត្តថា ការដែលទណ្ឌិត សម រង្ស៉ី មកអាមេរិកនេះ ដើម្បីធ្វើការភូតកុហក អ្នកមានសញ្ជាតិអាមេរិក ដែលគាំទ្ររាជរដ្ឋាភិបាល ថាជាអំពើខុសច្បាប់ ដើម្បីដកសញ្ជាតិអីនោះ លោកក៏មិនជឿដែរ។

«ខ្ញុំគាំទ្ររាជរដ្ឋាភិបាល ដឹកនាំឲ្យមានសន្តិភាព ដែលកសាងប្រទេសដ៏រុងរឿង ដូច្នេះបងប្អូនដែលគាំទ្ររាជរដ្ឋាភិបាលកុំខ្លាច»។ នេះជាការសំណូមពរ របស់លោក វុទ្ធី។

សូមជម្រាបថា ការលើកឡើងពីការធ្វើយុទ្ធនាការ ដើម្បីដកសញ្ជាតិអាមេរិក ពីពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ពីសំណាក់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក មិនមែនជារឿងថ្មីនោះឡើយ។ កន្លងទៅពួកគេ ក៏បានព្រមាននូវការធ្វើបែបនេះដែរ តែទីបំផុត គឺមិនមានលទ្ធផលអ្វីទាំងអស់។

ការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី នាពេលនេះ ត្រូវបានបងប្អូនខ្មែរមានសញ្ជាតិអាមេរិកមួយចំនួនមើលឃើញថា គ្រាន់តែស្រែកដើម្បីផ្គាប់ចិត្តអ្នគាំទ្ររបស់ខ្លួននៅអាមេរិក ហើយគ្រាន់តែជារបៀបវារៈដែលធ្វើឡើង ដើម្បីស្វែងរកលុយពីអ្នកគាំទ្ររបស់ខ្លួន ក្រោមហេតុផលទ្រទ្រង់ និងបម្រើដល់នីតិវិធីរបស់ពួកគេ។ ពួកគេបានប្រដូចការលើកឡើងរបស់ទណ្ឌិត ប្រៀបដូចជាកូនក្អាត់យំរកទឹកភ្លៀងយ៉ាងដូច្នោះដែរ។

ចាប់តាំងពីថ្ងៃទណ្ឌិត សម រង្ស៉ី បានប្រកាសនូវការព្រមាននោះមក មកដល់ពេលនេះមិនមានផែនការសកម្មភាពណាមួយលេចចេញជារូបរាងនោះឡើយ ជាការគំរាមកំហែង ឬនាំឱ្យខ្មែរសញ្ជាតិអាមេរិក មានការព្រួយបារម្ភទាល់តែសោះនោះឡើយ៕