(ភ្នំពេញ)៖ ក្រុមហ៊ុន រីចហ្វាម អេស៊ា ( Richfarm Asia) ដែលជាក្រុមហ៊ុននាំចេញផលិតដំណាប់ស្វាយនាំចេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ អះអាងបញ្ជាក់ថា មិនមានពាក់ព័ន្ធអ្វីនោះទេ ជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិន ដែលត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប បានគ្រឿងញៀនជាង ១៤០០គីឡូក្រាម នៅក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នោះទេ។

តំណាងក្រុមហ៊ុននេះបានបញ្ជាក់ថា ទីតាំងដែលបង្ក្រាបករណីគ្រឿងញៀនដ៏ធំនោះ មិនមែនជាទីតាំងដែលធ្វើការកែច្នៃដំណាប់ស្វាយរបស់ក្រុមហ៊ុន រីចហ្វាម អេស៊ា ឡើយ គឺជាទីតាំងរបស់ក្រុមជនជាតិចិនផ្សេង ដែលជាផលិតអាល់កុលគ្មានច្បាប់ ជាកន្លែងដែលសមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនទាំងអស់នោះ។

ទីតាំងផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុន រីចហ្វាម អេស៊ា គឺនៅផ្នែកខាងមុខជាប់ផ្លូវជាតិ។ ចំណែកឯទីតាំងស្តុកគ្រឿងញៀន របស់ឧក្រិដ្ឋជននៅផ្នែកខាងក្រោយ។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសគ្រឿងញៀន បានចុះបិតទីតាំងរោងចក្រអាល់កុល ផ្ទះលេខ ៥៤ ភូមិដំបងវេង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដែលមានម្ចាស់ទីតាំងឈ្មោះ យី យ៉ានស៊ូ YE YAN SHOU ដែលពាក់ព័ន្ធគ្រឿងញៀន។ ចំណែកឯទីតាំងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន រីចហ្វាម អេស៊ា ស្ថិតនៅខាងមុខជាប់ជិតផ្លូវជាតិដែលឆ្ងាយពីទីតាំងកេីតហេតុ មិនមានជាប់ពាក់ព័ន្ធនោះទេ៕