(ភ្នំពេញ)៖ ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន បានប្រារព្វពិធីក្រុងពាលី ចំរើនព្រះបរិត្តបើកដំណើរការផលិតខ្សែភាគយន្តភាគ នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

ពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្ត ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់កម្ពុជា។ នៅមុនពិធីតាមបែបសាសនា សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញពិនិត្យយ៉ាងយកចិត្តទុកដាក់ នូវសម្ភារៈបរិក្ខារបម្រើឱ្យការថតខ្សែភាពយន្តភាគ ដែលរួមមានសម្លៀកបំពាក់ក្នុងសម័យប្រវត្តិសាស្រ្តប៉ុលពត អាវុធយុទ្ធភណ្ឌនានា ក្នុងសម័យខ្មែរក្រហម រួមទឫងវត្ថុតាងជាច្រើនទៀត ដែលសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា បានឆ្លងកាត់ក្នុងរបបវាលពិឃាដប្រល័យពូជសាសន៍ប៉ុលពត។

វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាពេលនេះ គឺជាមហាកិត្តិដ៏ខ្ពង់ខ្ពស់បំផុត និងជាការលើកទឹកចិត្តដ៏វិសេសវិ សាលសំរាប់ក្រុមការងារផលិត និងសិល្បករ សិល្បការិនី ដើម្បីបន្តបំពេញភារកិច្ចក្នុងដំណើរការផលិតខ្សែភាគយន្តភាគជាប្រវត្តិសាស្រ្តនេះ ជូនសម្តេចទាំងទ្វេឲ្យទទួលបានជោគជ័យនាពេលខាងមុខ។

មុនពិធីសំណេះសំណាលជាមួយក្រុមអ្នកដឹកនាំរឿង ក្រុមអ្នកផលិត សិល្បៈករ សិល្បៈការិនី សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញបូជាទៀនធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅគ្រឿងរណ្តាប់បាសី នំចំណី ប្រេងល្ង ពោត សណ្តែក ភ្លេងប្រពែណីតូតន្រ្តី បូងសួងក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ពិសេសបារមីទេវតាថែរក្សាការពារបញ្ជាការដ្ឋានកងឯកភាពអង្គរក្សសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាទីតាំងមួយក្នុងចំណោមទីតាំងដ៏ទៃទៀត ដែលក្រុមការងារនឹងចាប់ផ្តើម ដំណើរការថតខ្សែភាគយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នៅពេលខាងមុខប្រព្រឹត្តទៅប្រកបដោយសេចក្តីសុខ មានសុវត្តិភាព និងជោគជ័យលើគ្រប់ភារកិច្ចការងារទាំងអស់ ពិសេសដើម្បីទុកជាស្នាដៃប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិនិងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុលពត។

នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននិមន្តសម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះសង្ឃនាយករងទី២ សម្តេចព្រះសង្ឃនាយករងទី៣ សម្តេចព្រះរាជាគណះគ្រប់អង្គ ធ្វើបទនិមសិកា ព្រះរតនត្រ័យ ស្វាធ្យាពុទ្ធមគ្គវិបុលសុខគ្រប់ប្រការ ដល់ដំណើរការនៃ ការថតខ្សែភាគយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ប្រព្រឹត្តទៅប្រកបដោយលទ្ធផលដ៏ត្រចះបំផុត។

សូមបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន ៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង ៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការបានបង្កើតក្រុមការងារមួយធ្វើការពិនិត្យ កែលម្អ ដោយបន្សីនឹងសាច់រឿងឲ្យ ស្របទៅនឹងបរិបទសម័យកាល។ ដើម្បីក្តាប់បានពីកត្តាប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត តួអង្គសំខាន់ៗ ពាក់ព័ន្ធ ក្រុមការងារតែងតែស្នើសុំប្រឹក្សាយោបល់ពីទីប្រឹក្សា របស់គណៈកម្មការជាញឹកញ៉ាប់ ដើម្បីជាការបំពេញនូវកង្វះខាត និងប្រសិទ្ធភាពក្នុងការអនុវត្តផលិត។

ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាលនោះ។ លើសពីនោះទៅទៀត យោងតាមអនុសាសន៍សែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានរៀបចំសាងសង់បន្ទាយកោះថ្ម បន្ទាយទ័ពលន់នល់នៅទន្លេបិទ និងភូមិប្រជាជន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ដែលសំណង់ទាំងនោះ មិនត្រឹមតែជាការសាងសង់សម្រាប់ថតប៉ុណ្ណោះទេ តែជាសំណង់ដែលមានលក្ខណៈរឹងមាំ ដើម្បីទុកជាទីតាំងប្រវត្តិសាស្រ្ត ក្នុងការសិក្សា ស្រាវជ្រាវរបស់សិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស និងកងយោធពលខេមរភូមិន្ទ នៅពេលអនាគត។

បើតាមរបាយការណ៍របស់លោក ហ៉ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានឲ្យដឹងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗដូចជាឈុតឆាក នៃការប្រយុទ្ធ ការធ្វើ បាតុកម្ម ការរៀបចំពិធីកំសាន្តបុណ្យចូលឆ្នាំជាដើម។

ចំពោះឧបករណ៍បច្ចេកទេសថត ដោយមានការគាំទ្រពីលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយន្ត ត្រូវបាន បញ្ជាទិញរួចរាល់ក្រោមការដឹកនាំរបស់លោក វ៉ាន់ ឆាល៍ជួន ក្នុងនោះក្រុមការងារបច្ចេកទេសថត បានធ្វើការហ្វឹកហាត់ ការប្រើប្រាស់សម្ភារៈបច្ចេកទេសទាំងនោះរួចរាល់ ព្រមទាំងធ្វើការថតសាកល្បងបានយ៉ាងស្ទាត់ជំនាញ។ ប្រធានគណៈកម្មការបន្តថា តាមផែនការការងារផលិតរបស់គណៈកម្មការ ការផលិតភាពយន្តភាគទឫង៤៤ភាគនេះ ប្រើពេលរយៈពេល ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ ផលិតករ សិល្បករ សិល្បការិនី និងក្រុមការងារបច្ចេកទេសទាំងអស់ នៃក្រុមការងារផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំសំរិទ្ធសំរាំងចងក្រង កែលម្អខ្លឹមសារសាច់រឿង ដែលផ្តើមចេញពីល្ខោននិយាយមកកាន់ការផលិតភាពយន្តរឿងភាគ ការខិតខំរកតួសម្តែង ការសិក្សាស្រាវជ្រាវរកនូវសម្ភារៈយុទ្ធោបរណ៍ ទីតាំងភូមិសាស្រ្តប្រវត្តសាស្រ្ត ដើម្បីឈានទៅថតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នាពេលដ៏ខ្លីខាងមុខ ពិសេសពេលនេះយើងបានជួបជុំគ្នា ប្រារព្វពិធីបួងសួងក្រុងពាលី ចំរើនព្រះបរិត្តសុំសេចក្តីសុខសេចក្តីចម្រើនដល់ការផលិតភាពយន្តភាពនាពេលខាងមុខ។

ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោមានប្រសាសន៍ឲ្យដឹងដែរថា កន្លងមកមានថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកុន ហូលីវូដ បានមកស្នើសុំសម្តេចដើម្បផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នេះម្តងរួចមកហើយ តែសម្តេចមិនអនុញ្ញាតឲ្យផលិតនោះទេ ដោយសាតែវាអាចប៉ះពាល់ដល់ប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជនកម្ពុជា ពិសេសទាក់ទិនទៅនិងខ្សែជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់តែម្តង។

ជាមួយការថ្លែងដែលបានចំណាយអស់រយៈពេលប្រមាណជិត៤ម៉ោង សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់អ្នកដឹកនាំរឿង និងក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ថែមទៀត ព្រោះសាច់រឿងទាំងមូលវាផ្តោត ទៅលើប្រវត្តិសាស្រ្តពិតៗរបស់ប្រទេស និងប្រជាជនកម្ពុជា ពោលគឺសាច់រឿងទាំងមូលវាកើតឡើងយ៉ាងពិតប្រាកដ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយវានឹងអាចបន្តរហូតដល់ពេលដែល សម្តេចត្រូវចាកចេញពីឆាកនយោបាយនាពេលខាងមុខ។

សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នេះមិនអាចចប់ត្រឹមតែ៤៤ភាគនោះទេ វាអាចមានរយៈពេលវែងជាងនេះ ឬមួយយើងអាចផលិតជាភាពយន្តឯកសារដែលមានរយៈពេលវែង ក៏អាចថាបាន ព្រោះដំណើរជីវិតបានឆ្លុះបញ្ចាំងពីជីវិតពិតៗរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិនិងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុលពត ការយកជីវិតធ្វើជាដើមទន់ និងការឆ្លងកាត់ការធ្វើពលីជីវិតឆ្លងដែន ជាច្រើនរ៉ាប់មិនអស់។

នៅក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រុម សិល្បករ សិល្បការិនី តួសំដែង ក្រុមអ្នកដឹកនាំ ក្រុមបច្ចេកទេសថតគ្រប់ផ្នែកទាំងអស់ បានថតរូបអនុស្សាវរីយ៍ផងដែរ។ សូមបញ្ជាក់ថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាខ្សែភាពយន្តរឿងភាគខ្នាតធំដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា ដែលឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិនិងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុលពត។

ក្រៅពីការថត និងការបំពាក់នូវសម្ភារៈមួយចំនួនធំ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានវាស់កាត់ដេរសម្លៀងបំពាក់យោធា កងទ័ពរំដោះ កងទ័ពប៉ុលពត និងកងទ័ពលន់នល់ ចំនួន១ពាន់កំប្លេរ និងកំពង់ត្រៀមកាត់ដេរសម្លៀកបំពាក់តួអង្គបន្ទាប់បន្សំចំនួន ២ពាន់កំប៉្លេរបន្ថែមទៀត។
ដោយឡែកសម្ភារៈយុទ្ធោបករណ៍មួយចំនួនទៀត ក្រុមការងារបានទទួលពីនាយឧត្តមសេនីយ៍ សៅ សុខា ទីប្រឹក្សាគណៈកម្មការ។ ជាមួយគ្នានេះ ក្រៅពីសម្ភារៈយុទ្ធោបរកណ៍ លោកជំទាវបណ្ឌិតសុភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ បានអនុញ្ញាតឲ្យក្រុមការងារសិក្សា ស្រាវជ្រាវប្រមូលសម្ភារៈតុបតែងលម្អពីស្ទូឌីយោថតភាពយន្តកម្ពុជា ដើម្បីត្រៀមជួសជុល និងច្នៃប្រឌិតបង្កើតថ្មី៕